សន្និបាតប្រចាំឆ្នាំរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប បង្ហាញថា វេជ្ជបណ្ឌិតម្នាក់ត្រូវទទួលពិគ្រោះព្យាបាលអ្នកជំងឺជាងមួយម៉ឺននាក់ ក្នុងមួយឆ្នាំ

0

សៀមរាប៖ ប្រធានមន្ទីសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ការផ្តល់សេវាសុខាភិបាលជូនដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យនានានៃខេត្តសៀមរាប មានទំហំធំធេងណាស់ ពោលគឺវេជ្ជបណ្ឌិតម្នាក់ត្រូវទទួលពិគ្រោះ និងព្យាបាលអ្នកជំងឺដល់ទៅជាងមួយម៉ឺននាក់ គិលានុបដ្ឋាក គិលានុបដ្ឋាកយិកាម្នាក់ត្រូវទទួលថែទាំអ្នកជំងឺចំនួន២,២៨៤នាក់ ហើយឆ្មបម្នាក់ត្រូវទទួលថែទាំជំងឺ ៣,១៣៥នាក់។
លោកក្រុស សារ៉ាត់ បានលើកឡើងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាល ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលតន្ត្រីមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
លោកប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងបន្តថា ជាមួយគ្នានេះ ការអនុវត្តនូវកម្មវិធីនានារបស់ក្រសួងសុខាភិបាល តាមគោលនយោបាយយុទ្ឋសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលក្នុងការលើកកំពស់សុខមាលភាពមាតា កុមារនិងទារក ការផ្សព្វផ្សាយ ព្យាបាល ដើម្បីទប់ស្កាត់បង្ការជំងឺឆ្លងបានល្អប្រសើរនិងសម្រេចគោលដៅយ៉ាងច្រើនក្នុងប្រព័ន្ឋមូលដ្ឋានសុខាភិបាលក្នុងខេត្ត។ លោកបន្តថា មន្ទីរសុខាភិបាលខេត្តសៀមរាបក៏បានអនុវត្តន៍នូវសកម្មភាពបន្ទាន់ៗទាន់ពេលវេលាដែលបានកើតឡើងតាមបណ្តាមូលដ្ឋាន ដូចជាទប់ស្កាត់នូវការនាំចូលនិងចរាចរណ៍ ទិញលក់ឱសថបរិក្ខាគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាតនិងចុះបញ្ជីការពីក្រសួងសុខាភិបាល ឆ្លើយតបបន្ទាន់នូវរាល់ជំងឺឆ្លងផ្សេងៗ និងចាត់វិធានការ យាមប្រចាំនិងត្រួតពិនិត្យការឆ្លងរាលដាលនៃមេរោគពីមជ្ឈឹមបូព៌ានៅច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ទទួលបានជោគជ័យ ពុំមានករណីឆ្លងឡើយ។
អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ បានមានប្រសាសន៍បើកសន្និបាត ដោយលោកបានសម្ដែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជកា បុគ្គលិកគ្រប់លំដាប់ថ្នាក់ និងដៃគូ ព្រមទាំងអាជ្ញាធរដែនដី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការឆ្លើយតបនូវតម្រូវការផ្នែកសុខាភិបាល តាមតួនាទីនិងភារៈកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ។ លោកបន្តថា សមិទ្ធិផលជាច្រើន ដែលមន្ទីរសុខាភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំ២០១៧នេះ គឺស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ជាការពិតយើងបានជួបនូវបញ្ហាប្រឈម ដែលនៅសេសសល់មួយចំនួន ត្រូវត្រួតពិនិត្យនិងវាយតម្លៃឲ្យបានស៊ីជម្រៅរាល់សកម្មភាពការងារ ដែលយើងបានអនុវត្តរយៈពេលពេញមួយឆ្នាំកន្លងទៅ ប្រកបដោយចក្ខុវិស័យ ដើម្បីមានមូលដ្ឋានជាក់លាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តបន្តឲ្យទទួលបានជោគជ័យក្នុងឆ្នាំបន្តខាងមុខ។ សំខាន់នោះ គឺគ្រប់ប្រតិបត្តិករក្នុងវិស័យសុខាភិបាល និងតួអង្គពាក់ព័ន្ធផ្សេងៗទៀត ត្រូវប្រមូលផ្តុំនូវទស្សនៈ និងបញ្ញាសេសសល់ក្នុងការធ្វើកិច្ចការងាររួមគ្នា ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍផ្នែកសុខាភិបាល ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ៕