ប្រជាពលរដ្ឋភូមិស្រអែមត្បូងមានសេចក្តីត្រេតអរ និងទទួលបានព្រះវិហារថ្មី

0

(ព្រះវិហារ): នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រះភិក្ខុតបរតោ ញឹម ញេម ព្រះគ្រូចៅអធិការវត្តមុនីសាគរ និងជាឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសីលា សាងសង់ព្រះវិហារថ្មី១ខ្នង ទទឹង៩ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូសូត្រស្តាំ យិន វណ្ណយ៉ត។
ពិធីនេះធ្វើឡើង នៅក្នុងបរិវេណវត្តព្រហ្មវិហារធម៌ តេជោជប់រង្សីសរ៉ារាម “ហៅវត្តអង្ការអេដស៍” ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការចូលរួមពីប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្សយ៉ាងច្រើនកោះករ។

ជាមួយគ្នានោះ ព្រះគ្រូចៅអធិការវត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរ៉ារ៉ាម រស់ សុខរាជ បានមានសង្ឃដីកាថា ព្រះវិហារថ្មី១ខ្នង ដែលប្រារព្ធពិធីបញ្ចុះបឋមសីលាសាងសង់នៅពេលនេះ មានទទឹង៩ម៉ែត្រ បណ្តោយ១២ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រកក្បឿង។ ព្រះអង្គបន្តថា ចំពោះថវិកាសម្រាប់សាងសង់ព្រះវិហារថ្មីនេះ គឺនៅមិនទាន់ដឹងថាអស់ចំនួនប៉ុន្នាននោះនៅឡើយទេ។ ព្រោះថាការក៍សាងនូវរាល់សមិទ្ធិផលទាំងអស់ក្នុងទីអារាមនេះ គឺបានមកពីការចូលរួមចំណែកលើកស្ទួយខ្ពស់ របស់ប្រជាពុទ្ធបរិស័ទជើងវត្ត និងសប្បុជនជិតឆ្ងាយតាមរយះការធ្វើបុណ្យផ្សេងៗដង្ហែរចូលមកកាន់ទីអារាមនេះ និងមួយចំណែកតាមរយះការបិណ្ឌបាតរបស់ព្រះអង្គផ្ទាល់។

ព្រះគ្រូចៅអធិការវត្តមុនីសាគរ ព្រះភិក្ខុតបរតោ ញឹម ញេម និងជាឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាថា នេះជាសមិទ្ធិផលថ្មីមួយ ដើម្បីប្រគេនថ្វាយព្រះសង្សសម្រាប់ជាកន្លែងធ្វើឧបោសថកម្ម និងសង្ឃកម្មផ្សេងៗបានត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ នៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ដូចព្រះគុណម្ចាស់ជ្រាបស្រាប់ហើយតាំងពីប្រទេសជាតិបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ប្រទេសជាតិបានរស់និងស្ដារឡើងវិញលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានស្ដារ និងរីកចម្រើនយ៉ាងឆាប់រហ័សតាំងពីទីក្រុងរហូតដល់ជនបទផងដែរ។ ព្រះអង្គបានបន្តថា ជុំវិញការអភិវឌ្ឍលើគ្រប់វិស័យកន្លងមកដោយសារកត្តាសុខសន្តិភាព និងធនធានមនុស្សដែលជាស្នូលក្នុងការអភិវឌ្ឍក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុគ្រោះផ្ដល់ឱកាសដល់បុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូលក្នុងការកសាងជីវភាពរបស់ខ្លួនកាន់តែល្អប្រសើរឡើង និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ រួមមានការបណ្ដុះបណ្ដាលធនធានមនុស្ស អប់រំសីលធម៌សុជីវធម៌ ឈានទៅការកាត់បន្ថយបាននូវអំពើហិង្សា អមនុស្សធម៌ អសីលធម៌.រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕  ដោយ  សួនលីណា