ភ្ញៀវទេសចរកាន់តែច្រើននាំគ្នាទៅកម្សាន្ត និងស្នាក់នៅតាមបណ្តោយដងព្រែកកំពត

0
  1. កំពត  ព្រែកកំពតត្រូវបានប្រជាពលរដ្ឋចាត់ទុកថាជាសរសៃរបេដូងនៃខេត្តកំពត ដោយសារតែព្រែកមួយនេះ មានសកត្តានុពលខ្លាំង ហើយបច្ចុប្បន្នព្រែកមួយនេះក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តខេត្តកំពត។ ដោយឡែក រមណីដ្ឋាន និងកន្លែងស្នាក់នៅជាច្រើនតាមបណ្តោយដងព្រែកកំពត មានចំនួនភ្ញៀវជាតិ និងអន្តរជាតិកាន់តែកើនឡើងជាបន្តបន្ទាប់។
    លោក ខេវិន ប្រូវីដឺស៊ុន ម្ចាស់ផ្ទះសំណាក់ សប្បាយ ប៊ិច បានប្រាប់ឲ្យដឹងថា ជិតពីឆ្នាំហើយ ក្នុងការបើកទ្វារបម្រើសេវាស្នាក់នៅ សម្រាក លម្ហែ នៅតាមដងព្រែកកំពត ស្ថិតនៅក្នុងចំណុច កំណប់ ភូមិជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ។ ភ្ញៀវរបស់លោក មានការកើនឡើងជាលំដាប់ ជាពិសេសថ្ងៃបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំថ្មី ចូលឆ្នាំសាកល គ្រិស្តថ្មាស (Christmas) ហើយកាលពីព្រះរាជពិធីបុណ្យអ៊ុំទូក ក៏មានភ្ញៀវមកសម្រាក និងកម្សាន្តពេញដែរ រាល់ថ្ងៃមានភ្ញៀវកក់បន្ទប់ជាហូរហែរសម្រាប់ថ្ងៃបុណ្យទាន នៅថ្ងៃបុណ្យខាងមុខ ជាបន្តបន្ទាប់។
    លោកបានបន្តថាក្រៅពីសេវាស្នាក់នៅ ភ្ញៀវរបស់សប្បាយប៊ិច អាចចូលរួមសកម្មភាពកម្សាន្តផ្សេងៗ ទាំងនៅខាងក្នុង និងក្រៅ ដូចជា អាចជួលកង ឬម៉ូតូជិះកម្សាន្តនៅភ្នំបូកកោ ទៅភ្នំសរ ទៅលែងចំការម្រេច ចំការដំណាំងហូបផ្លែផ្សេងៗ នៅក្នុងកំពង់គ្រែង ការជិះកាយ៉ាក ជិះទូកកម្សាន្តតាមព្រែក និងទៅមើលព្រៃកោងកាង លែងអុក លែងប៉េតង់លើឆ្នេរខ្សាច អានសៀវភៅ មើលថ្ងៃលិច ជាដើម។ យុន
    លោកបានបញ្ជាក់ ថាកំណើនភ្ញៀវកាន់តែកើនឡើងជាបន្តបន្ទាប់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

    លោកបានលើកឡើងដែរថា ព្រែកកំពតមួយនេះ មានសកត្តានុពលច្រើនណាស់ ដូច្នេះយើងគួរតែផ្តល់នូវការគោរពច្បាប់ស្តីអំពីការថែរក្សា ការពារបរិស្ថាន បានន័យថា យើងរីករាយជាមួយវា ហើយធ្វើអ្វីដែលល្អសម្រាប់ការពារវាឲ្យមានស្ថេរភាព ។ បើទោះជាបច្ចុប្បន្នទឹកព្រែកស្អាត គ្មានថងប្លាស្ទីក គ្មានសម្រាមក៏ពិតមែន ប៉ុន្តែលោកអំពាវនាវឲ្យ អ្នកភូមិ ជាពិសេសអាជីវករ ម្ចាស់ផ្ទះសំណាក់ រមណីយដ្ឋាននានា នៅតាមដងព្រែកគួរចេះកែច្នៃកាក់សំណល់ សំរាម ដើម្បីយកមកប្រើប្រាស់ កុំយកទៅចាក់ចោលនៅក្នុងទឹក។
    បើតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានឲ្យដឹងថា បើទោះជាផ្លូវធ្វើដំណើរ នៅមិនទាន់ល្អ តូចចង្អៀតក៏ពិតមែន ប៉ុន្តែភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បាននាំគ្នាទៅសម្រាក និងលម្អែនៅបណ្តុំរមណីយដ្ឋានតាមបណ្តោយដងព្រែក ឬហៅថាតំបន់ទឹកឈូច្រើនជាងគេនៅក្នុងខេត្ត គ្រាន់តែព្រះរាជពិធីបុណ្យអ៊ុំទូកមានភ្ញៀវជិតបួនម៉ឺននាក់ ។ លោកប្រធានមន្ទីរក៏បានស្នើឲ្យ អ្នកភូមិ អាជីវករ ម្ចាស់ផ្ទះសំណាក់ បឹងហ្គាឡូ រួមសហការគ្នា ជួយសំអាតបរិស្ថាន របស់ខ្លួនឲ្យបានល្អស្អាត ដើម្បីបង្កើនភាពទាក់ទាញ ភ្ញៀវឲ្យមកទស្សនាកាន់តែច្រើនថែមទៀត៕