ឯកអគ្គរដ្ឋទូតចិនថ្មីបានបង្ហាញពីវឌ្ឍនភាពរវាងទំនាក់ទំនងចិននិងកម្ពុជាហើយចិនប្រាប់ពីជំហរ​ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច

0

​ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំកម្ពុជា បានជំរាបជូន​លោក​ជំទាវ​ឧប​នាយក​រដ្ឋមន្ត្រីកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ពីវឌ្ឍនភាពថ្មីរបស់កម្ពុជាជាមួយនឹងចិន ដែល​ត្រូវ​​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១៩នេះ ដោយ​ចិនប្រកាសគាំទ្រជួយកម្ពុជា លើ​វិស័យ​សេដ្ឋកិច្ច គ្រា​ដែល​កម្ពុជា​កំពុង​ទទួលរងនូវការដាក់សម្ពាធ​ពីបណ្តា​ប្រ​ទេស​មួយចំនួន ។

ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការនិងជាអ្នក​នាំ​ពាក្យនៅ​ក្រោយ​ជំ​នួប​​​សំដែង​ការ​គួរសមរបស់ឯកឧត្តម វ៉ាង វិនធាន ជាមួយលោកជំទាវឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភាព្រឹទ្ធសភា និងអធិការកិច្ចនៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ។

ជាមួយនឹងជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលចិននាពេលនេះ ឯកឧត្តមអគ្គរដ្ឋទូតថ្មីបានបញ្ជាក់ថាៈភាគីទាំងពីរ​ កម្ពុជា​​-ចិន បានចុះហត្ថលេខាលើ​អនុ​ស្សា​​​​រណៈចំនួន៨រួចហើយនៅក្នុងអំឡុងពេលនៃដំណើរ​ទស្សនកិច្ចរបស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​​​ ទៅកាន់ប្រទេស​ចិន ជាលើកដំបូងក្នុងឆ្នាំ២០១៩នេះ កាលពីថ្ងៃទី២០ដល់ថ្ងៃ​ទី​២៣ ខែមករា ។

នៅក្នុងជំនួបសំដែងការគួរសមនេះដែរ ឯកឧត្តម វ៉ាង វិនធាន បានរំលឹកពីខ្លឹមសារសំខាន់ៗនៃ​ដំ​ណើរទស្សន​កិច្ច​របស់​សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនជូនលោកជំទាវឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន ពិ​សេស​ការ​​ជួយ​លើក​កំ​ពស់​​សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំអង្ករពីកម្ពុជាចំនួន៤០ម៉ឺនតោនក្នុងមួយឆ្នាំ២០១៩​ទៅកាន់​ប្រ​ទេស​ចិន ហើយចិន​នឹង​​ជួយ​កម្ពុជាក្នុងទំហ៊ំទឹកប្រាក់ប្រមាណ៦០០លាន​ដុល្លា​អាមេរិក​​​ចាប់​ពីឆ្នាំ​២០១៩ដល់ឆ្នាំ២០២១ និង​បង្កើន​​ភ្ញៀវ​ទេស​ចរ​​ចិន​មក​កាន់​​កម្ពុជាឲ្យបាន៥លាននាក់ក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ព្រមទាំងការពង្រឹងការអនុវត្ត​ច្បាប់​រវាង​ប្រ​​ទេស​ទាំង​២ផងដែរ ។          

ឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះបានថ្លែងអំណរគុណចំពោះលោកជំទាវ ម៉ែន សំអន ដែលបានសហការជួយ​ដល់​បេស​​កកម្មរបស់មន្ត្រីការទូតចិនកន្លងមកឲ្យទទួលបានជោគជ័យ ហើយក៏សុំការណែនាំបន្តទៀតដើម្បីឲ្យបេសក​កម្ម​ការ​​ទូត​របស់ឯកឧត្តម លើក​នេះកាន់តែល្អប្រសើរឡើងថែមទៀត ។

​  ជាការឆ្លើយតបលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឯកភាពគាំទ្រចំពោះបេសកម្មការទូតរបស់ឯកឧត្តម វ៉ាង វិនធាន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកម្ពុជា នឹងចិននៅតែជាមិត្តល្អពិសេសគ្រា​ដែលកម្ពុជា​ជួបការ​លំ​បាក​ រដ្ឋា​ភិ​​បាល​ចិន តែងតែជួយជ្រោមជ្រែងដល់កម្ពុជាជាបន្តបន្ទាប់ លើការអភិវឌ្ឍគ្រប់វិស័យ ។

លោកជំទាវបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការគាំទ្រនយោបាយចិនតែមួយនិង​នយោ​បាយ​ផ្លូវមួយ ខ្សែ​ក្រវ៉ាត់​មួយហើយពេលនេះលោកជំទាវ ម៉ែន សំអន សូមគាំទ្រអនុវត្តចំពោះអនុស្សារណៈចំនួន៨ដែល​បានចុះហត្ថលេខារួចហើយ ក្រោម​អធិ​ប​​តីភាពប្រមុខរដ្ឋាភិបាលទាំងពីរ កាលពីដំណើរទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅប្រទេសចិនព្រោះ​ក្រ​សួង​ទំ​នាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចមានភារកិច្ច​ធ្វើ​ជា​សេ​នាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លើការ​ងារ​តាមដានការ​អនុវត្ត​​ច្បាប់ទប់​ស្កាត់​អំ​ពើ​​ពុក​រលួយភាព​អយុត្តិ​ធម៌​ក្នុង​សង្គម និងការរំលោភ​បំពានដោយប្រើ​អំណាច ដើម្បី​បំ​រើប្រយោជន៍​បុគ្គល និងបក្សពួកនិង​ការ​ពារសិទ្ធ​របស់​ពល​រដ្ឋ ពោល​គឺ​​ពង្រឹងអភិបាលកិច្ចល្អដែលជាស្នូល​នៃ​យុទ្ធ​សាស្ត្រ​ចតុ​កោណដើម្បី​កំ​ណើន​ការ​ងារសមធម៌និង​ប្រសិទ្ធ​ភាព​ ៕