រដ្ឋបាលខេត្តកំពង់ធំប្រារព្វសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តកន្លងនិងលើកទិសដៅបន្តអនុវត្តការងារឆ្នាំ២០១៩

0

កំពង់ធំ៖  រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្វពិធីសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តឆ្នាំ២០១៨ និងលើកទិសដៅបន្តអនុវត្តការងារឆ្នាំ២០១៩ ក្រោយធិបតីភាព  ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ  រួមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ចូលរួម នៅសាលប្រជុំសាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០១៩។

បន្ទាប់ពីលោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានអានពីរបាយការណ៍ សកម្មភាពដែល រដ្ឋបាលខេត្តកំពង់ធំ បានអនុវត្តកន្លងមក ធ្វើឲ្យខេត្តកំពង់ធំ ទទួលបាននូវសកម្មភាពល្អប្រសើរ និងបានប្រែមុខមាត់ ថ្មី ក្នុងការដោះស្រាយបញ្ហានានា និងភាពរីកចម្រើន របស់ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់គណៈអភិបាល ខេត្តកំពង់ធំរួចមក ។

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានមានប្រសាសន៍ថា  ក្រសួងមហាផ្ទៃគឺជា ស្ថាប័នជាតិមួយនៅថ្នាក់ជាតិ ខេត្តពុំមែនជាប្រធានមន្ទីររបស់ក្រសួងមហាផ្ទៃទេ ក្នុងច្បាប់បានកំណត់ថា ខេត្តមានគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងក្រសួងនានាថ្នាក់ជាតិ ចំណែកថ្នាក់ក្រោមជាតិ បានធ្វើការកំណែទម្រង់ដើម្បីឲ្យក្រសួងថ្នាក់ជាតិ កុំក្តាប់តែស្ថាប័នមួយ ក្រសួងមហាផ្ទៃគ្រប់ដណ្តប់ដូចនាយករដ្ឋមន្រ្តីដែរ តែថ្នាក់គ្រប់គ្រងថ្នាក់ក្រោមជាតិ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍និងជម្រុញឲ្យដំណើរការច្រកចេញចូលតែមួយ នៅតាមបណ្តាស្រុក ក្រុង ដូច្នេះអភិបាលក្រុង ស្រុក ត្រូវត្រៀមលក្ខណៈត្រៀមមន្រ្តីដើម្បីឲ្យខេត្តចេញដិការតែង តាំងនិងធានានូវ ការបំរើសេវាកម្មជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ តាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលអណត្តិទី៦ ឲ្យប្រជាពលរដ្ឋទទួលបានសេវាកម្មឆាប់រហ័ស ។

ឯកឧត្តម សុខ លូ បានបន្តថា ការគ្រប់គ្រងមន្រ្តីគឺចាំបាច់ត្រូវអនុវត្តតាមច្បាប់ នូវនិតិវិធីឲ្យបានម៉ឺងម៉ាត់ លុប បំបាត់ឲ្យបានដាច់ខាត នូវវប្បធម៌អន្តរាគមន៍ បក្ខពួកនិយម គ្រួសារនិយម ការជ្រើសរើសមន្រ្តី ផ្តោតលើការ យកចិត្តទុកដាក់លើប៉ែកភាព ដែលមានលំនៅដ្ឋាននៅក្នុងមូលដ្ឋានផ្ទាល់  ទទឹមនេះការរើស ការតែងតាំងមន្រ្តីក៏ត្រូវតែមានការលើកកម្ពស់សកម្មភាពយេនឌឺ  មន្រ្តីរាជការនៅតាមបណ្តាអង្គភាពនី​មួយៗ តម្រូវការក្របខណ្ទ មុខតំណែង ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ចំណែកស្រុកតាំងគោក ដែលបានបង្កើតថ្មីនេះ​គឺពុំទាន់មានការប្រកាសតែងតាំងគណអភិបាលស្រុកបានទេ រងចាំឲ្យមានសមាជិកក្រុមប្រឹក្សាស្រុករួច ទើបចេញប្រកាសតែងតាំង គណៈអភិបាលស្រុក ប៉ុន្តែខណៈពេលនេះ ខេត្តបានចាត់តាំង គណៈគ្រប់គ្រងស្រុក បណ្តោះអាសន្នដើម្បី ដំណើរការនេះ ដូចជាអង្គភាព ប៉ូលិស យោធា កងរាជអាវុធហត្ថ ចំណែកការិយាល័យគឺនៅប្រើការិយាល័យស្រុកបារាយណ៍សិន រីឯការិយាល័យផ្សេងៗទៀត ពុំទាន់អាចបង្កើតបានទេ ។

ក្នុងឳកាសនៃពិធីសន្និបាតនេះ អភិបាលខេត្តកំពង់ធំ ក៏បានកោតសរសើរ ចំពោះមន្ទីរអង្គភាព ជុំវិញខេត្ត ដែលបានខិតខំបំរើការងារ និងដោះស្រាយបញ្ហានានា ជូនដល់ប្រជាពលរដ្ឋ រហូតមានការកោតសរសើរពី សម្តេចក្រឡាហោម សរ ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ថាខេត្តកំពង់ធំ បានដោះស្រាយទំនាសដីធ្លីបានជោគជ័យ  និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋបានល្អ  ដូច្នេះសូមយើងទាំងអស់គ្នាខិតខំដោះស្រាយជាបន្តបន្ទាប់ទៀត ដោយបញ្ជ្រាសពីការហឹង្សាឲ្យបាន ។

ដោយ  ប៊ុន  រដ្ឋា