យេីងមិនត្រឹមតែធ្វើឲ្យបាននោះទេ គឺត្រូវធ្វើដោយយកចិត្តទុកដាក់ អំពីប្រសិទ្ធផល ទាំងការធ្វើ និងការអនុវត្ត

0

កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ៖ «ឆ្នាំនេះ យើងពុំមែនធ្វើឲ្យត្រឹមតែបាននោះទេ តែត្រូវធ្វើដោយយកចិត្តទុកដាក់ អំពីប្រសិទ្ធផល ទាំងការធ្វើ និងការអនុវត្ត គឺផ្អែកទៅលើផែនការដែលបានគ្រោងទុក»។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត និងប្រមូលតម្រូវការអាទិភាព របស់មូលដ្ឋាន សម្រាប់កសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២០-២០២២ នៅមន្ទីរផែនការខេត្ត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ មកពីមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំង តំណាងអង្គការ សមាគមន៍ អភិបាល អភិបាលរង ស្រុក នាយក នាយករងរដ្ឋបាល ស្រុក/ក្រុង ទាំង១០ និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណជា១៥០នាក់ ផងដែរ ។
ជាមួយនឹងប្រសាសន៍ កោតសរសើរ ចំពោះ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ក៏ដូចជាមន្ត្រីជំនាញាពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមដំណើរការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) របស់រដ្ឋបាលខេត្ត ឯកឧត្ដម គួច ចំរើន បានថ្លែងរំលឹក និងលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធទាំងអស់ បានប្រមូលផ្ដុំសារជាថ្មីម្ដងទៀត ដើម្បី រួមគ្នាឲ្យទៅជាកម្លាំងសរុប សម្រាប់ការជម្រុញរៀបចំផែនការអភិវឌ្ឍឲ្យសមស្រប និងឲ្យបានទាន់ពេលវេលា ។ «ឆ្នាំនេះ យើងពុំមែនធ្វើ ឲ្យត្រឹមតែបាននោះទេ តែត្រូវធ្វើដោយយកចិត្តទុកដាក់ អំពីប្រសិទ្ធផល ពោលគឺ ទាំងការធ្វើ និងការអនុវត្ត គឺផ្អែកទៅលើផែនការ ដែលបានគ្រោងទុក»។ ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់ថា ដើម្បី ជម្រុញឲ្យខ្លឹមសារ នៃការអនុវត្ត បានស្របគ្នា លុះត្រាតែ ការចាប់ផ្ដើម នៃការប្រមូលទិន្នន័យ ត្រឹមត្រូវ ជាពិសេស មន្ទីរ អង្គភាព នីមួយៗ ត្រូវប្រាកដថា ឆ្នាំនេះ យើងគ្រោងនៅក្នុងផែនការបានប៉ុន្មាន និងប៉ុន្មានទៀត នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ពោលគឺ រាល់ការគ្រោងនោះ ត្រូវតែមានការកើនឡើងជានិច្ច បើធៀបទៅនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនោះ ។ ក្រៅពីនោះ បណ្ដាមន្ទីរ អង្គភាព និងក្រុង/ស្រុក នីមួយៗ ក៏ត្រូវយកចិត្តទុកដាក់ និងការគិតគូជាមុន ផងដែរ អំពីផែនការអភិវឌ្ឍដែលត្រូវធ្វើ ដោយធ្វើការស្រង់ទិន្នន័យនានា ឲ្យអស់ជាមុន ដើម្បី យើងត្រៀមទទួលកិច្ចអន្តរាគមន៍ ពីប្រភពផ្សេងៗ ខណៈដែលយើង មានទិន្នន័យជាក់លាក់ និងច្បាស់លាស់ហើយនោះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ មានគោលបំណង ដើម្បី រៀបចំឯកសារ និងព័ត៌មាននានា ពាក់ព័ន្ធទៅនឹងការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងការផ្សព្វផ្សាយ អំពីការចាប់ផ្ដើមដំណើរការ រៀបចំផែនការអភិវឌ្ឍខេត្ត ដល់អ្នកពាក់ព័ន្ធ ឲ្យបានយល់ដឹង និងបានចូលរួមក្នុងដំណើរការ នៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខេត្ត ដើម្បី ធ្វើជាធាតុចូល នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត គម្រោងថវិកាប្រចាំឆ្នាំ និងកម្មវិធីវិនិយោគ របស់ខេត្ត ៕