ឧត្តមសេនីយ៍ទោសោម ស៊ុន ចុះសួរសុខទុក្ខអតីតយុទ្ធជនខណៈមានជម្ងឺទន់ដៃទន់ជើងដើរមិនរួច

0

ខេត្តកំពង់ធំៈ ស្របពេលរដូវក្តៅហួតហែង ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ មានការព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានវ័យចំណាស់ និងប្រឈមនិង បញ្ហាសុខភាព ទើបបានដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជន និងអាជ្ញាធរដែនដី ចុះសួរសុខទុក្ខអតីត​យុទ្ធជនដែលមាន ធ្លាក់ខ្លួនឈឺដើរពុំរួច នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា  ឆ្នាំ២០១៩ ។

លោកព្រឹទ្ធបាលឯក តឹប គី អាយុ៥៩ឆ្នាំ ជាអតីតយុទ្ធជន ភរិយាឈ្មោះ ញឹក  វុន  អាយុ ៥១ឆ្នំា មានកូនចំនួន០៣នាក់ ធ្លាប់ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨២ នៅអង្គភាពវរសេនាតូចលេខ៣ នៃយោធាខេត្តកំពង់ធំ ហើយត្រូវបានរបួសពិការនៅឆ្នាំ១៩៩៣ នៅសមរភូមិស្រុកស្ទោង  ខេត្ត កំពង់ធំ   បច្ចុប្បន្នគាត់មានជម្ងឺទន់ដៃទន់ជើង ដើរមិនរួច ត្រូវបានភរិយានៅមើលថែ រួមជាមួយនិងចៅម្នាក់រស់នៅភូមិចំបក់ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអាជ្ញាធរដែនដី  បានបន្ត ចុះសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់អតីតយុទ្ធជន  និងសំណេះសំណាលសាកសួរសុខទុក្ខ លោកព្រឹទ្ធបាលឯក តឹប គី អតីតយុទ្ធជនពិការ ដែលកំពុងមានជម្ងឺ ពុំអាចធ្វើដំណើរទៅណាមមកណាបាន ចំណែកកូនៗទៅធ្វើកម្មករនៅទីក្រុងភ្នំពេញ  ។ក្នុងឱកាសចុះសួរសុខទុក្ខ ក្រុមការងារសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ បានឧបត្ថម្ភជូនគាត់ នូវ អង្ករ ចំនួន ៥០ គ.ក មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ថវិកា១០០,០០០ រៀល និងបានណែនាំឲ្យខិតខំថែរក្សាសុខភាព និងមានគម្រោងដឹកជញ្ជូន តាមរថយន្តសង្គ្រោះរបស់តំបន់សឹករងកំពង់ធំ គាត់ទៅកាន់មន្ទីរពេទ្យខេត្តកំពង់ធំ   បើសិនជាអាការមានសភាពធ្ងន់ធ្ងរជាងនេះ ឬមានការពឹងពាក់ពី ភរិយារបស់អ្នកជម្ងឺ ដើម្បីឲ្យគ្រូពេទ្យព្យាបាលជម្ងឺបានត្រឹមត្រូវ។

ដោយ ប៊ុន រដ្ឋា