ភ្នំលុប្រាណ បង្អួតសម្រស់ ជាមួយផ្ទាំងថ្មភ្នំដ៏ធំសម្បើម

0

ដោយ៖សាតចាន់បុត្រ មណ្ឌលគិរី៖  ភ្នំលុប្រាណស្ថិតក្នុងភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងជាតំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ស្ថិតនៅភាគខាងជើងក្រុងសែនមនោរម្យនៃទីប្រជុំជនខេត្តមណ្ឌលគិរីជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម។

ភ្នំលុប្រាណ ត្រូវគេប៉ាន់ប្រមាណថា បានគ្របដណ្តប់ដោយផ្ទាំងថ្មភ្នំរហូតដល់ជិត១០ហិកតា កណ្តាលទ្រូងព្រៃនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ។ហើយវាត្រូវបានចាត់ទុកថា ជាភ្នំមួយដែលទាក់ទាញ ភ្ញៀវទេសចរណ៍គយគន់ទេសភាព ដ៏ស្រស់បំព្រង ខណៈកំពុងសំងំលាក់ខ្លួនក្នុងមណ្ឌលគិរីនេះ។

ភ្នំលុប្រាណ ត្រូវបានបងប្អូនជនជាតិភាគតិចព្នងហៅថាភ្នំថ្ម គ្មានដើមឈើមួយដើមដុះពីលើនោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺនៅពេលដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឡើងទៅដល់ខាងលើកំពូលភ្នំ ពួកគេនឹងបានឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាត ប្រកបដោយរុក្ខជាតិគួរឲ្យជាទីគយគន់ ជាពិសេសគឺសម្រស់ផ្កាអង្គាសីល។

បើអ្នកទេសចរធ្វើដំណើរឆ្លងកាត់ចម្ការកៅស៊ូដ៏ធំឆ្ងាយដាច់កន្ទុយភ្នែក ភ្ញៀវទេសចរនឹងបានឃើញផ្លូវដ៏តូចមួយខ្សែឆ្ពោះទៅកាន់កំពូលភ្នំ ហើយក៏បានឃើញស្លាកពណ៌បៃតងមួយផ្ទាំងនៅខាងឆ្វេងដៃដែលសរសេរថា “ដែនជម្រកសត្វព្រៃភ្នំណាមលៀរ”។ ភាពរំជើបរំជួលនិងចាប់ផ្ដើមកើតឡើង នៅពេលឈានជើងជាន់ភ្នំថ្មដ៏ចោត រួចបោះជំហានមួយៗដោយសម្លឹងទៅមុខ តែមិនហ៊ានចោលកន្ទុយភ្នែកទៅខាងក្រោមដែលអាចធ្វើឲ្យលោកអ្នកញ័រជើង។ តួភ្នំទាំងមូលហាក់បីដូចជាបង្កើតឡើងជាថ្មមួយដុំដែលគ្មានសភាពរដិបរដុបអ្វីឡើយ។

គយគន់ទស្សនីយភាពពីកំពូលភ្នំ ការចារឈ្មោះទុកជាអនុស្សាវរីយ៍ និងការថតរូបកម្សាន្ដទាំងនៅលើតួភ្នំ ព្រៃព្រឹក្សា ឬ Selfee គឺជាសកម្មភាពដ៏ពេញនិយមរបស់ក្រុមយុវវ័យបច្ចុប្បន្ន។យ៉ាងណាមិញ ការធ្វើដំណើរកម្សាន្ដឡើងភ្នំថ្មដ៏ចោតផុសកណ្ដាលព្រៃព្រឹក្សាប្រភេទនេះស័ក្ដិសមសម្រាប់អ្នកផ្សងព្រេង ពុះពារជម្នះការនឿយហត់ ជាពិសេសអ្នកមិនខ្លាចខ្ពស់៕