មនុស្ស ៤ នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ

ខេត្តតាកែវ ៖ ជនរងគ្រោះ៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូពីរគ្រឿងបុកគ្នាក្នុងទិសដៅស្របនៅស្រុកសំរោង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២និង១០នាទី ស្ថិតនៅលើផ្លូវជាតិ២២៣ ចំណុចឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ តាមការឲ្យដឹងពីប៉ូលីសស្រុកសំរោងបានប្រាប់ថា ម៉ូតូជនរងគ្រោះទីមួយ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1M4666 បើកបរ ដោយឈ្មោះ សិន រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិចំរើនផល ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ (រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ សំ អុល ភេទប្រុស អាយុ២៨ឆ្នាំ (រងរបួសធ្ងន់)។ ដោយឡែកភាគីម៉ូតូម្ខាងទៀតម៉ាកយ៉ាម៉ាហាហ្វីណូ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1CA 6666 បើកបរដោយឈ្មោះ ប៉ាន់ បូរី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំបី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ(រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ (រងរបួសស្រាល)។ តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូទាំង២គ្រឿងបើកបរក្នុងទិសដៅស្របគ្នា ពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុដោយការបើកបរក្នុងល្បឿលលឿននិងខ្វះការប្រុងប្រយ័ត្នផងនោះក៏បានបុកគ្នាពេញទំហឹងបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលទាំងសងខាងតែម្តងទៅ។
ក្រោយកើតហេតុប៉ូលីសស្រុកសំរោងបានចុះដល់វាស់វែងធ្វើកំណត់ហេតុ និងបានចាត់បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ចំណែកវត្ថុតាងទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីទុកដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី៕