ជ្រូកមានសុខភាពល្អជិត៦ម៉ឺនក្បាលលក់មិនដាច់នៅខេត្តព្រៃវែង មន្ទីរកសិកម្មរៀបចំពិធីហូបសាច់ជ្រូកលើកទឹកចិត្តឲ្យអ្នកចិញ្ចឹម

0

ព្រៃវែង៖ ជ្រូកមានសុខភាពល្អជិត៦ម៉ឺនក្បាលលក់មិនដាច់ មន្ទីរកសិកម្មរៀបចំពិធីហូបសាច់ជ្រូកលើកទឹកចិត្តឲ្យអ្នកចិញ្ចឹម និងអ្នកមិនហូបសាច់ជ្រូក ឲ្យហូបឡើងវិញ

ពិធីនេះ ប្រារព្វធ្វើឡើងល្ងាចថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩ នៅបរិវេណ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមហូប ជ្រូកខ្វៃ និងនំបាញ់ហយ បន្លែស្រស់ៗគ្រប់មុខ ពីសំណាក់ ឯកឧត្តម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ទីរនានា ជុំវិញខេត្ត ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា មូលហេតុបារព្វពិធីនេះឡើង ដោយសារ ជ្រូកកសិករចិញ្ចឹមតាមទ្រុង នៅទូទាំងខេត្តជិត៦ម៉ឺនក្បាល លក់មិនចេញ តាមផ្សារនីមួយៗ លក់សាច់ជ្រូកលែងដាច់ ។ បន្ទាប់ពី លេចឮពាក្យចចាមអារាមថា ហូបសាច់ជ្រូកប៉ះពាល់សុខភាព ជ្រូកមានជម្ងឺ ប៉េស្តជ្រូកអាហ្វ្រិច ។

លោកបន្តថា តាមពិតទូទាំតខេត្តព្រៃវែង ជ្រូកទាំងអស់ គ្មានជម្ងឺប៉េស្តជ្រូកអាហ្វ្រិចនោះទេ ជ្រូកមានសុខភាពល្អ ពេល បង ប្អូន ទទួលទានសាច់ជ្រូក ធ្វើឲ្យសុខភាពយើង សុខភាពល្អ មិនមានកើតជម្ងឺដង្កាត់ផ្សេងៗ នោះទេ ដូចនេះ សូម បង ប្អូន ហូប សាច់ជ្រូកឡើងវិញផង ។ ម៉្សាងទៀត ការហូបសាច់ជ្រូក ជាការលើកទឹកចិត្ត ដល់កសិករចិញ្ចឹមជ្រូក បន្តចិញ្ចឹមតទៅទៀត ។

លោកបន្តថា សព្វថ្ងៃនេះ អ្នកកាប់ជ្រូក យកសាច់ លក់លើទីផ្សារមិនហ៊ានទិញជ្រូករស់ មកកាប់លក់ទេ ដោយសារលក់មិនដាច់ មនុស្សភាគច្រើន បង្វែរពីការធ្លាប់ហូបសាច់ជ្រូក ទៅហូប មាន់ ទា គោ ក្របី ត្រី ជាដើមវិញ ម្លោះហើយ បញ្ហានេះ ប៉ះពាល់ធ្ងន់ធរ ដល់កសិករចិញ្ចឹមជ្រូក ដែលជាជ្រូកសុខភាពល្អ គ្មានជម្ងឺទាល់តែសោះ ព្រោះថា ក្នុងខេត្តព្រៃវែង ជ្រូកមិនកើតជម្ងឺប៉េស្តជ្រូកអាហ្វរិចនោះទេ ។

លោក សុខ ជា តំណាងលក់ចែកចាយជ្រូករស់ របស់ក្រុមហ៊ុន ស៊ីភី ប្រចាំខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង បានបន្ថែមថា មិនត្រឹមតែកសិករចិញ្ចឹមជ្រូកទេ លក់ជ្រូកមិនដាច់ សូម្បីតែក្រុមហ៊ុនស៊ីភី ក៍លក់មិនដាច់ដែរ មួយថ្ងៃៗ ខេត្តមួយៗ លក់ដាច់ត្រឹមតែពីរក្បាលប៉ុណ្ណោះ ខណៈមុនពេលផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្វ្រិច មួយថ្ងៃៗលក់ដាច់រាប់ពាន់ក្បាល ។

ជាមួយបញ្ហាខាងលើ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋមិនហ៊ានហូបសាច់ជ្រូក ឲ្យហូប សាច់ជ្រូកឡើងវិញ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ហូប សាច់ជ្រូកបណ្តើរ រៀបរាប់ថា ខ្ញុំហូបសាច់ជ្រូក ធម្មតារាល់ថ្ងៃ មិនបោះបង់វាទេ មិនដែលមានជម្ងឺយាយីរាងកាយខ្ញុំឡើយ  ដូចនេះ តានរយៈពិធីជួបជុំហូប សាច់ជ្រូក សូម បង ប្អូន ប្រជាពលរដ្ឋទូទៅ មេត្តាទទួលទានសាច់ជ្រូកឡើងវិញផង ដើម្បីលើកទឹកចិត្តដល់កសិករយើងខំចិញ្ចឹមជ្រូក បន្តចិញ្ចឹមជ្រូកបន្តទៀត៕