កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីលួចម៉ូតូ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួច (លួចម៉ូតូម៉ាកYAMAHA MSLAZ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ លេខតួ ៣៣១១១១០៤១២១៦ លេខម៉ាស៊ីន០០៧៨៦៣៤ ពាក់ស្លាកលេខ ភ្នំពេញ1HR-6125) នៅចំណុចផ្ទះលេខ៨ ផ្លូវលេខ៥២៦ ក្រុម៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទី ។

លោកនាយការិយាល័យបន្តថាជនសង្ស័យទី១-ឈ្មោះ ទូច សុភ័ក្រ្ត អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួនថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣ៈ០០នាទី នៅចំណុចផ្ទះសំណាក់សួស្តី បន្ទប់លេខ២ ផ្លូវលេខ៨៦ ក្រុម១០០ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២-ឈ្មោះ សុទ្ធ សុវណ្ណារ៉ា ហៅ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួនថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១និង ៣០នាទី នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ ផាន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវលេខ៥២៦ ក្រុម៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ និស្សិត ។

សម្ភារបាត់បង់៖ ម៉ូតូម៉ាក YAMAHA MSLAZ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1HR-6125។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឱ្យដឺងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទី មានករណីលួចម៉ូតូប្រព្រឹត្តនៅចំណុចផ្ទះលេខ៨ ផ្លូវលេខ៥២៦ ក្រុម៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូចំនួន១គ្រឿង គឺឈ្មោះ សុទ្ធ សុវណ្ណារ៉ា ហៅ រ៉ា អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ឌុបឈ្មោះ ទូច សុភ័ក្រ្ត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី ភេទប្រុស អាយុ២៥ឆ្នាំ ចេញពីកន្លែងលេងហ្គេមបាញ់ត្រីម្តុំវិហារចាមបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញក្នុងគោលបំណងចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ពេលជនសង្ស័យជិះម៉ូតូឌុបគ្នាមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះចតទុកក្នុងរបងផ្ទះ ហើយរបងផ្ទះក៏មិនចាក់សោដែរ។

ឃើញសភាពស្ងាត់ពុំមានមនុស្ស ឈ្មោះ សុទ្ធ សុវណ្ណារ៉ា ក៏បានឈប់ម៉ូតូហើយឲ្យឈ្មោះ ទូច សុភ័ក្រ្ត និងឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី ចុះដើរទៅបើកទ្វាររបងផ្ទះ ចំណែកឈ្មោះ សុទ្ធ សុវណ្ណារ៉ា អង្គុយលើម៉ូតូជាអ្នកចាំមើលផ្លូវ។ បន្ទាប់មកឈ្មោះ ទូច សុភ័ក្រ្ត និងឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី បានដើរចូលទៅក្នុងផ្ទះ ហើយឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី បានយកជើងធាក់បំបាក់សោម៉ូតូបានសម្រេច រួចនាំគ្នារុញម៉ូតូរបស់ជនរងគ្រោះ ចេញមកក្រៅរបងផ្ទះ។

បន្ទាប់មកឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី បានឡើងបើកម៉ូតូដែលលួចបាន ចំណែកឈ្មោះ សុទ្ធ សុវណ្ណារ៉ា បើកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខឌុបឈ្មោះ ទូច សុភ័ក្រ្ត រុញម៉ូតូដែលលួចបានពីក្រោយ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ទៅ៕