អភិបាលខេត្តកំពង់ចាម​៖​ យេីង​បាន​ធ្វេី​ការ​អភិវឌ្ឍន៍​ហើយ​​ តែ​បើ​ពលរដ្ឋ​នៅ​មិនទាន់​​ពេញ​ចិត្ត​ គឺ​យេីង​ត្រូវ​តែ​ដោះស្រាយ​ជូន​គាត់​

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ បេី​ទោះជា​យើង​បាន​ខិតខំ​ធ្វើការ​អភិវឌ្ឍន៍​ តែ​បើ​បងប្អូន​​ប្រជាពលរដ្ឋគាត់​នៅ​មិន​ទាន់​ពេញចិត្ត​ទៀត​​នោះ​ គឺ​យើង​ត្រូវ​តែធ្វើ​ការ​ដោះស្រាយ​ជូន​ដល់​គាត់​ទៀត​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​អង្គ​វេទិកា​សាធារណៈ​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ព្រែក​ដំបូក​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ដំបូក​លេី​ ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រីសន្ធរ​ ក្រោម​វត្តមានឯកខត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យត​ ក្រុងព្រះសីហនុ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះជួយស្រុកស្រីសន្ធរ​​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ ​អាជ្ញាធរ​មូលដ្ឋាន​ និង​គណៈអាជីវករ​ផ្សារ​ផងដែរ​​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ ដោយ​មាន​ការ​លំបាក​ក្នុង​ការ​លក់ដូរ​របស់​បងប្អូន​អាជីវករ​ អាជ្ញាធរ​ក៏បានស្នើសុំទៅក្រុមហ៊ុនប៉េងហួត គ្រុប សម្រេចជួយកសាងតាមសំណើរ ក្នុងនោះបានជួយចាក់បេតុង២៥០០ម៉ែត្រការេ និងសាងសង់ផ្សារព្រែកដំបូកថ្មី ដោយមានកន្លែងលក់ដូររបស់អាជីវកមុនរុះរើផ្សារមានចំនួន១០៨កន្លែង និងក្រោយពីសាងសង់​រួចមានចំនួន១៣៨កន្លែង​ ហើយ​ការរៀបចំផ្សារ ​ត្រូវ​បានប្រគល់ភារៈកិច្ចជូនក្រុមប្រឹក្សាឃុំព្រែកដំបូក និងគណៈអាជីវករផ្សារព្រែកដំបូក ដើម្បីគ្រប់គ្រងសម្របសម្រួល​ និងចាត់ចែងអនុវត្តន៍​ ក្នុង​នោះ​បងប្អូន​អាជីវករ​មួយ​ចំនួន​ទទួល​យក​ដោយ​ពេញចិត្ត​ តែ​ក៏​មាន​ក្រុម​អាជីវករ​មួយ​ចំនួន​ទៀត​ គាត់​មិន​ពេញចិត្តនោះទេ​ ហើយ​ក៏​បង្ក​ជា​ទំនាស់​រ៉ាំរ៉ៃ​រហូត​ដល់​ពេល​នេះ​។

ក្នុង​អង្គ​វេទិកា​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​សំណូមពរ​ដល់​បងប្អូន​អាជីវករ​ សូម​ឲ្យមាន​ការ​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​ និង​ចូលរួម​ដោះស្រាយ​បញ្ចប់​បញ្ហា​ដោយសមធម៌​ ​​ហើយ​នាំគ្នា​ប្រកប​មុខរបរ​​លក់ដូរ​រកស៊ី​ទទួលទាន​ ឲ្យ​មាន​ការ​រីកចម្រើន​ទាំង​អស់​គ្នា​។
ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​សម្រេច​​ប្រគល់​តូប​ដែល​នៅ​សេសសល់​ ចំនួន​២៥​កន្លែង​ ​ឲ្យ​ទៅ​គណៈអាជីវករ​ផ្សារ​គ្រប់គ្រង​ដោយ​ផ្ទាល់​ ដេីម្បី​ដោះស្រាយ​តាម​សេចក្តី​តម្រូវ​ការ​​របស់​បងប្អូន​អាជីវករ។ ​ហើយ​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​បញ្ចប់​បញ្ហា​ត្រឹម​រយៈពេល​៣០ថ្ងៃ​​ ដឹកនាំ​ដោយ​​អភិបាល​រង​ខេត្តមួយរូប។ ​ព្រមទាំង​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់​ជាតិ​ ផងដែរ​។ ​