អាជ្ញាធរខេត្តរតនគិរី កំពុងដាក់ឲ្យដំណើរការគម្រោងកែលម្អរ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលស្ថិតនៅជុំវិញបឹងកន្សែង ដើម្បីលើកកម្ពស់បរិស្ថាន ទាក់ទាញអ្នកទេសចរចូលមកកម្សាន្ត និងជួយបង្កើនប្រាក់ចំណូលបានកាន់តែប្រសើរឡើង !

0

ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានដឹកនាំមន្ត្រីខេត្ត ក្រុង និងក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្លូវ១ខ្សែ ដែលស្ថិតនៅជុំវិញបឹងកន្សែង ដើម្បីដាក់ឲ្យដំណើរការលើគម្រោងកែលម្អរ និងការអភិវឌ្ឍន៍ ដែលបានរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ កំពុងរស់នៅជុំវិញ បឹងកន្សែង នាថ្ងៃទី១៤ធ្នូឆ្នាំ២០២០នេះ។បឹងកន្សែង ត្រូវគេដឹងថា គឺជាបឹងធម្មជាតិដ៏ប្រណិតមួយ ដែលមានអាយុកាលរាប់ទសវត្សន៍មកហើយ និងក៏ជាបឹងមួយមានអច្ឆរិយៈ សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេស ពលរដ្ឋជនជាតិដើមភាគតិច ក្នុងភាគឥសាន្តកម្ពុជា គោរពនិងប្រតិបត្តិ តាំងពីដើមរៀងមក ផងនោះ។ បឹងកន្សែង ស្ថិតនៅកណ្តាលក្រុងបាលុង ខេត្តរតនគិរី។
អភិបាលក្រុងបានលុង លោក ងិន ណែល បានឲ្យដឹងថា អាជ្ញាធរខេត្តមានផែនការច្បាស់លាស់ណាស់ ក្នុងការអភិវឌ្ឍន៍ ពង្រីកផ្លូវ ជុំវិញបឹងកន្សែងនេះ ហើយមុននឹងធ្វើការឈូសឆាយពង្រីក រដ្ឋបាលក្រុងបានលុង បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលមានលំនៅដ្ឋាន នៅជុំវិញបឹង ឲ្យរុះរើផលប៉ះពាល់ជាក់ស្តែង រួមមាន «របង តូប និងសំយ៉ាបផ្ទះ ដែលសាងសង់លើដីចំណីផ្លូវ» ដោយទុករយៈពេល៣០ថ្ងៃ សម្រាប់ការរុះរើចេញ។ លោកបានបន្តថា ក្រោយជូនដំណឹង មានប្រជាពលរដ្ឋ ៤៤គ្រួសារ ក្នុងចំណោម ៤៥គ្រួសារ រស់នៅជុំវិញបឹងកន្សែង មានការសហការល្អជាមួយ គណៈកម្មការខេត្ត និងរដ្ឋបាលក្រុងបានលុង ដោយបានសារទរចំពោះគម្រោងអភិវឌ្ឍន៍ពង្រីកផ្លូវនេះ ហើយយល់ព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្ត ដោយស្ម័គ្រចិត្ត ក្នុងការរុះរើសំណង់ របង តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញបឹងកន្សែងនេះ។ លោកអភិបាលក្រុងបានបន្តថា មានសណ្ឋាគារទែរូ (Terres Rouges) ដែលមានលោកស្រី ខៃ ចិន្តា ជាម្ចាស់ មិនព្រមសហការរុះរើរបងសណ្ឋាគារ ដែលសាងសង់ចូលចំណីផ្លូវសាធារណៈ របស់រដ្ឋនៅឡើយ។ លោកបានបញ្ជាក់ទៀតថា រដ្ឋបាលក្រុងបានលុង បានចេញសេចក្តីជូនដំណឹង ដល់លោកស្រី ខៃ ចិន្តា ជាម្ចាស់សណ្ឋាគារជាថ្មី ដោយទុករយៈពេល ១៥ទៀត គិតចាប់ពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២០ តទៅ ត្រូវធ្វើការរុះរើរបង ឬសំណង់ដែលរងផលប៉ះពាល់ចេញ បើផុតឱសានវាទនេះ ម្ចាស់សណ្ឋាគារទែរូ នៅតែមិនព្រមរុះរើទៀត រដ្ឋបាលក្រុងនឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវសំណង់ ដែលរងផលប៉ះពាល់ដាច់ខាត ហើយម្ចាស់សំណង់ ត្រូវរ៉ាប់រងចំណាយ ក្នុងការរុះរើ ថែមទៀតផង។
ក្រោយវិវាទ នៅព្រឹកថ្ងៃទី១៤ធ្នូនេះ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានចុះពិនិត្យជាក់ស្តែង និងបានធ្វើការសម្របសម្រួល ជាមួយម្ចាស់សណ្ឋាគារ ខៃ ចិន្តា ជាលទ្ធផល ពលរដ្ឋទាំង ៤៥គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នេះ យល់ព្រមឲ្យអាជ្ញាធរ ធ្វើការអភិវឌ្ឍន៍តំបន់បឹងកន្សែងនោះហើយ។
លោក ថង សាវុន បានមានប្រសាសន៍ថា ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិត អំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត ប៉ុន្តែ លោកស្រីបានទាមទារ នូវការសងសំណងលើផលប៉ះពាល់មួយចំនួន ដែលប៉ះពាល់ផ្នែកខ្លះ នៃរបងសណ្ឋាគារទែរូ (Terres Rouges)។ លោកអភិបាលខេត្តរតនគិរី បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ថ្នាក់ដឹកនាំខេត្ត យើងខ្ញុំខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត ឲ្យស្របតាមការអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកថង សាវុន បានសម្តែងការអគុណ ដល់ការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការអភិវឌ្ឍន៍ខេត្ត ទាំងពេលកន្លងមក និងនៅក្នុងគ្រាបច្ចុប្បន្ន រីឯការអភិវឌ្ឍន៍នោះទៀត មានគោលការស្តារសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ឲ្យមានភាពរីកចម្រើន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ៕