រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​រង​ការខូចខាត តែ​គ្មាន​អ្នករងគ្រោះ​

ភ្នំពេញ​៖ រថយន្ត​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​នៅ​ខាង​មុខ​រង​ការខូចខាត ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ទៀត​បើក​មក​ពីក្រោយ​រថយន្ត​ទាំង​២​គ្រឿង​ដែល​កំពុង​បង្ក​គ្រោះថ្នាក់​ក៏​ជ្រុល​ទៅ​បុក​ប៉ះ​ពីក្រោយ​

ថែមទៀត សំណាង​ល្អ​ដែល​មិន​បណ្ដាល​អោយ​មាន​មនុស្ស​រងគ្រោះថ្នាក់​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ទល់មុខ​និង​ភោជនីយដ្ឋាន សម្បត្តិ​មាន​ហេង ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​បើ​តាម​ប្រភពព័ត៌​ពី​សមត្ថកិច្ច​ដែល​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា មុនពេល​កើតហេតុ​មាន​រថយន្ត​៣​គ្រឿង បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើត​ទៅ​លិច ស្រប​ទិស​គ្នា លុះ​មកដល់​ចំណុច​កើតហេតុ​រថយន្ត​មួយគ្រឿង​ម៉ាក​ប៉ា​សេ​រ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​36 2-0333 បើក​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ក៏បាន​ជ្រុល​ទៅ​បុក​និង​រថយន្ត​មួយ​គ្រឿង​ម៉ាក មែន​សឺ​ដេស ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2J-9777 ដែល​បើក​នៅ​ពី​ខាង​មុខ​ចំ​ពេញហឹង​ធ្វើអោយ​រថយន្តមែក​សឺ​ដេស​រង​ការខូចខាត​ផ្នែក​ខាងក្រោយ ស្រាប់តែ​ភ្នាមៗ​នោះ​ក៏​មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ហាយ​លេន​ដឺ ពណ៌​ប្រាក់ មិន​ចាំ​ស្លាក​លេខ ដែល​បើក​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បាន​ជ្រុល​ទៅ​បុក​និង​គូទ​រថយន្ត ប៉ា​សេ​រ៉ូ ដែល​កំពុង​បង្ក​គ្រោះថ្នាក់​ចំ​ពីក្រោយ​បណ្តាលអោយ​រថយន្ត​ទាំង​៣​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​។ បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​ទាំង​៣​គ្រឿង​បាន​ចុះ​មក​សម្របសម្រួល​គ្នា​គ្នា ដោយ​ម្ចាស់​រថយន្ត ប៉ា​សេ​រ៉ូ ដឹងថា​នេះ​ជា​កំហុស​របស់​ខ្លួន​ក៏​បាន​អោយ​រថយន្ត​ហាយ​លេន​ឌឺ ដែល​បុក​ចំ​ពីក្រោយ​រថយន្ត​របស់​ខ្លួន​បើក​ចេញ​ទៅ​ដោយ​មិន​មាន​សង​សំណង​អ្វី​ទេ ចំណែក​រថយន្ត​ប៉ា​សេរ៉ូ​បាន​នៅ​ធ្វើ​ការដោះស្រាយ​ហើយ​ថា​ព្រម​សង​សំណង​ទៅដល់​រថយន្ត​មែក​សឺ​ដេស តែ​បែរជា​ក្រលាស់សំដី​ថា​ខ្លួន​អត់​មាន​លុយ​ទៅវិញ​។ ក្រោយពេល​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​វាស់វែង​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បា​អំពៅ ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

1 2 3