ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោសែនតាមរយះអភិបាលខេត្តព្រះវិហារ!

0

ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចទាំងធ្វេរ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរនូវសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញអោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ទូទាំងខេត្តព្រះវិហារ ត្រូវធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសធនធានធម្មជាតិមាន៖ ការរុករករ៉ែដោយខុសច្បាប់, ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិ និងការកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់។

បន្ថែមពីនេះឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានណែនាំដល់ទៅអាជ្ញាធរភូមិ ឃុំ កុំឲ្យធ្វេសប្រហែស នៅក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ-១៩។ ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយជាច្រើនក្តី ក៏យើងមិនត្រូវមើលស្រាលចំពោះជម្ងឺនេះដែរ។ ជាពិសេសប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ដើម្បីរក្សាការពារខ្លួនពីជម្ងឺនេះ ហើយប្រសិនបើមានប្រជាពលរដ្ឋចំណាកស្រុក ដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ សូមឲ្យពួកគាត់តាមដានសុខភាពជាប្រចាំ និងដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន។

សូមជម្រាបជូនថា អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ដោយក្នុង០១គ្រួសារៗទទួលបាន៖ អង្ករ១បេ, ទឹកដោះគោ១កំប៉ុង, ប៊ីចេង១កញ្ចប់, ស្ករសរ១កញ្ចប់ និងថវិកាមួយចំនួន៕ សួនលីណា