ការគ្រប់គ្រង ការអភិវឌ្ឍវិជ្ជាជីវៈ បន្តសម្រាប់ឱសថការី គឺជាការធានាផ្ដល់សុខភាព សុវត្ថិភាពជូនប្រជាជនការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់ឱសថការី

0

កំពត៖ គឺជាលក្ខខណ្ឌមួយតម្រូវឲ្យឱសថការីទាំងអស់ បន្តការសិក្សាពេញមួយជីវិតពិសេស អ្នកវិជ្ជាជីវៈឱសថសាស្ត្រ និងអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវិជ្ជាសាស្រ្ត ត្រូវគោរពឲ្យបាននូវច្បាប់គ្រប់គ្រង និងក្រមសីលធម៌ជាឱសថការី ក្នុងការផ្ដល់សេវាប្រកបដោយវិជ្ជាជីវៈ ធានាការពារសុខភាព សុវត្ថិភាព ជូនប្រជាជន។
នៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ក្របខ័ណ្ឌនិយ័តកម្ម គោលការណ៍ណែនាំ ស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈ បន្តសម្រាប់ឱសថការី និងការប្រគល់ជូនវិញ្ញាបនបត្រ បញ្ជិកាឱសថការីកម្ពុជា ដល់មាជិក សមាជីការ គណៈឱសថការីកម្ពុជា ដែលបានចូលរួមពីខេត្តកំពត និងខេត្តកែប សរុបចំនួន៦០ នាក់ កាលពីព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តកំពត។
ឯកឧត្តម បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ និងជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងឲ្យដឹងថា ការអភិវឌ្ឍវិជ្ជាជីវៈ បន្តសម្រាប់ឱសថការី និងការប្រគល់ជូនវិញ្ញាបនបត្រ បញ្ជិកាឱសថការីកម្ពុជា គឺគណៈឱសថការីកម្ពុជា បានអនុវត្តន៍ឡើង អនុលោមតាមច្បាប់ស្ដីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ។ ព្រោះថា គណៈឱសថការីកម្ពុជា មានតួនាទីជា និយ័តករ ក្នុងការបង្កើត លក្ខខណ្ឌតម្រូវនានា សម្រាប់អ្នកវិជ្ជាជីវៈឱសថសាស្ត្រ និងអ្នកប្រកប វិជ្ជាជីវៈឱសថសាស្ត្រអមវេជ្ជសាស្រ្ត ក្នុងគោលបំណង ដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងកំណត់និយាមអប្បបរមា ដើម្បីស្នើសុំនឹងបន្តអាជ្ញាប័ណ្ណឱសថការី ក្នុងការផ្ដល់សេវាសុខាភិបាល ប្រកបដោយ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ។
ដើម្បីសម្រេចគោលបំណង ឲ្យទទួលបានលទ្ធផលជោគជ័យ ក្នុងការគ្រប់គ្រងឱសថការី នឹងធ្វើឲ្យការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវិជ្ជាសាស្រ្ត អនុវត្តបានត្រឹមត្រូវ តាមនិយាមនៃការផ្ដល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ឯកឧត្តមបាន បុត្តា ក៏បានសង្កត់ធ្ងន់ថា អង្កសិក្ខាសាលាផ្សព្វផ្សាយនៅពេលនេះ គឺពិតជាមានសារៈសំខាន់ដល់ សមាជិក សមាជិកាគណៈឱសថការីកម្ពុជា ទាំងអស់ក្នុងការអនុវត្តនូវកាតព្វកិច្ច និងត្រូវខិតខំអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន ដើម្បីបំពេញឲ្យបាននូវពិន្ទុ សម្រាប់ការទទួលបាននូវអាជ្ញាបណ្ណឱសថការី តាមលក្ខខណ្ឌតម្រូវ សំដៅធានាថាការអភិវឌ្ឍវិជ្ជាជីវៈបន្តពាក់ព័ន្ធនឹងការបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្ដល់សេវាសុខាភិបាលទៅដល់អ្នកជំងឺឬអតិថិជនស្របតាមក្រមសីលធម៌បទដ្ឋានច្បាប់ប្រកបដោយគុណភាពសុវត្ថិភាព និងប្រសិទ្ធភាព ៕