ឯកឧត្តម​ ខៀវ​កាញារីទ្ធ​ និង​លោកជំទាវ​ ​សម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ឃុំ​ល្វេ​ ស្រុក​កោះសូទិន​

0

កំពង់ចាម​:​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ជា​ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន និងលោកជំទាវ ទេព រង្ស៉ី អមដំណើរ​ដោយ​គណៈប្រតិភូ​ នាព្រឹក​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២១នេះ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិធីសម្ភោធ​ដាក់​ឲ្យ​ប្រេីប្រាស់​អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម​ រួមនឹង​ថ្នាក់ដឹកនាំ​ សមាជិក​សមាជិកា​គណបក្សប្រជាជន​កម្ពុជា​ ជាច្រើន​រូប​ផង​ដែរ​ ។ ​
ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម​ បានស្នើសុំឲ្យអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកកោះសូទិន ខិតខំបំរើសេវាជូនប្រជា​ពលរដ្ឋ​ ទាំងសេវាសន្តិសុខ សេវារដ្ឋបាល សេវាសាធារណៈ ពោលគឺធ្វើយ៉ាងណា ឲ្យពួកគាត់ទទួលបានសេវាយ៉ាងត្រឹមត្រូវ ស្របច្បាប់ ឆ្លើយតបទៅនឹងសំណូមពររបស់ពួកគាត់ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ។
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងបន្តថា ក្នុងនាមជាអាជ្ញាធរ និងជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវធ្វើអំពើល្អ ត្រូវចេះស្រឡាញ់ប្រជាជនរបស់យើង នឹងត្រូវខិតខំដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ។​ដោយឡែក​ចំពោះបញ្ហាសន្តិសុខ ដូចជាករណីចោរលួច ចោរប្លន់ជាដើម សមត្ថកិច្ចយើងទាំងអស់ត្រូវខិតខំប្រឹងប្រែង ប្រើប្រាស់នូវមធ្យោបាយសរុប វិធានការសរុប ដើម្បីបំបែកសំណុំរឿង ឬក្រុមទាំងឡាយណា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានរបស់យើង សំដៅធ្វើយ៉ាងណា ផ្ដល់សេចក្តីសុខជូនប្រជាជនរបស់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន​ បានក្រើនរំលឹកដល់អាណាព្យាបាល ត្រូវនាំកូន​ចៅ​ឲ្យ​ចូលសាលារៀនបានគ្រប់ៗគ្នា ស្របពេលជាមួយនឹងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំសាងសង់សាលារៀន មានច្រើនកម្រិត នៅតាមមូលដ្ឋាន​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្ស កុំ​ឲ្យ​ពិបាកក្នុងការទៅសិក្សានៅឆ្ងាយពីផ្ទះ។ ហើយប្រការដែល​ឲ្យ​កូនចៅបានសិក្សារៀនសូត្រ គឺធ្វើឲ្យពួកគាត់មានចំណេះដឹង ព្រោះថាមានតែចំណេះដឹងនេះហើយ ដែលរុញច្រានឲ្យពួកគាត់ឆ្លងផុតពីភាពល្ងង់ខ្លៅ និងចាកផុតពីភាពក្រីក្របានផងដែរ​ ៕