សកម្មភាពនៃការសម្អាតបរិស្ថាន និងអនាម័យនៅតាម ទីតាំងនានាក្នុងតំបន់រមណីយដ្ឋានអង្គរ

0

សៀមរាប: អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ ទៅលើ សោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។

ជាក់ស្តែង ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ ភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា នគរបាលការពារបេតិកភណ្ឌ ភ្នាក់ងារព្រៃឈើ និងHCC ដែលក្រៅពីមានតួនាទីពិនិត្យមើលរបៀប រៀបរយចំពោះភ្ញៀវទេសចរហើយ ក្រុមការ ងារបានសម្អាតដី ប្រមូលសំរាម ស្លឹកឈើ និង រៀបចំអនាម័យបរិស្ថាននៅទីតាំងនានានៅតំបន់រមណីយដ្ឋានអង្គរ។

ការសម្អាតបរិស្ថាននេះ ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពនៃភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាព និងអារម្មណ៍ក្នុងពេលទស្សនា៕