ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្តនិងស្វែងយល់ពីសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន

0

សៀមរាប៖ ប្រជាជនចំនួន៣០នាក់ មកពីភូមិតារស់និងភូមិរកានៃសង្កាត់ក្របីរៀល ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត ដើម្បីស្វែងយល់ពីប្រវត្តិខ្លះៗនៃអង្គរវត្ត ពិសេសគឺស្វែងយល់ពីសមិទ្ធផលនៃការអភិវឌ្ឍ ការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាសម្រេចបានកន្លងមក។

តាមការបញ្ជាក់របស់លោក គា រក្សា មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានជួយសម្របសម្រួលប្រជាពលរដ្ឋចំនួន១២ភូមិនៃសង្កាត់ក្របីរៀលមកទស្សនាប្រាសាទអង្គរវត្ត ដើម្បីឱ្យពួកគាត់បានឃើញ បានស្គាល់ប្រាសាទអង្គរវត្ត និងបានដឹងពីការអភិវឌ្ឍ ការរៀបចំសួនច្បារដ៏ស្រស់ស្អាត ការរៀបចំហេដ្ឋារចនាសម្ពន្ធនៅមុខប្រាសាទ ការរៀបចំប្រព័ន្ធទឹកនៅក្នុងបរិវេណប្រាសាទអង្គរវត្ត និងការអភិរក្សជាច្រើនដែលអាជ្ញាធរជាតិអប្សរាសម្រេចបានក្នុងការជួសជុលថែទាំប្រាសាទមួយនេះ។

កម្មវិធីនេះ មួយថ្ងៃមានប្រជាពលរដ្ឋ២ភូមិ មានគ្នា៣០នាក់ចូលរួម ធ្វើឡើងក្នុងរយៈពេល៦ថ្ងៃនៃខែកុម្ភៈ ដោយមានរៀបចំទឹកនិងចំណីអាហារសម្រាប់ពួកគាត់ពេលមកទស្សនាផង៕