បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនទៅបុករឺម៉កម៉ូតូដឹកអេតចាយ ពីក្រោយពេញទំហឹងបណ្ដាលឲ្យរឺម៉កម៉ូតូរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបែកទូរកញ្ចក់អស់២នៅខណ្ឌសែនសុខ

0

ភ្នំពេញ ៖ ទូរកញ្ចក់លក់គ្រឿងម្ជូរបែកបាក់កញ្ចក់រាយប៉ាយពេញផ្លូវបន្ទាប់ពីមានបុរសម្នាក់ស្រវឹងស្រា បានបើករថយន្តមួយគ្រឿងមកបុករឺម៉កម៉ូតូដឹកអេតចាយ ពេញទំហឹង បណ្តាលឲ្យរឺម៉កម៉ូតូដឹកអេតចាយរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវ រថភ្លើងកែងនិងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញយុវជនម្នាក់ បើករឺម៉កម៉ូតូដឹកអេតចាយ ម៉ាកគុបមូល ពណ៌ស្លែរ ស៊េរីចាស់ ពាក់ផ្លាក លេខ ជ0754ភព1 បើកតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុច កើតហេតុខាងលើក៏ស្រាប់តែមាន រថយន្ត ឡង់គ្រឹះស័រ ស៊េរីឆ្នាំ១៩៩៣ ចង្កូតស្តាំ ពណ៌សំបកឪឡឹក ពាក់ផ្លាក លេខព្រះសីហនុ2A.3099មួយគ្រឿងបើកបរដោយបុរសម្នាក់និង រួមដំណើរស្ត្រីម្នាក់ទៀត ក្នុងស្ថានភាព ស្រវឹងស្រាបើកយ៉ាងលឿនមកបុក ចំពីក្រោយរឺម៉កម៉ូតូដឹកអេតចាយពេញទំហឹងបណ្ដាលឲ្យរឺម៉កម៉ូតូដឹកអេតចាយរេចង្កូតទៅបុក ចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យទូរកញ្ចក់ លក់គ្រឿងម្ជូរ បែកកញ្ចក់អស់ចំនួន២ទូរ។ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អក្នុងគ្រោះថ្នាក់ ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ច មូលដ្ឋានបានមកដល់ហើយឲ្យភាគី ទាំងសង្ខាងសម្របសម្រួលគ្នាក្រោយមកភាគីខាងរថយន្តបានចេញថ្លៃការខូចខាតសរុបទាំងអស់ចំនួន 200 ដុល្លារដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា