ប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី 4 ចុះត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍  ដើម្បីបម្រើឱ្យវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ19

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ត្រីម៉ូ សឿម នាយសេនាធិការរង តំណាងឯកឧត្តមឧត្តមសេនីយ៍ឯកពៅ ហេងមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី 4 បានដឹកនាំប្រតិភូមួយក្រុម អញ្ជើញចុះត្រួតពិនិត្យការត្រៀមបម្រុងកម្លាំងអន្តរាគមន៍ និងមធ្យោបាយដឹកជញ្ជូន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបម្រើឱ្យវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ19 ក្នុងសភាពការណ៍ថ្មី នៅព្រឹកថ្ងៃទី 21 ខែមេសាឆ្នាំ 2021

ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯកពៅ ហេង មេបញ្ជាការយោធភូមិភាគទី 4 តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។

 

បានត្រៀមកម្លាំងអន្តរាគមន៍ចំនួន 150 នាក់ និងមធ្យោបាយដឹកជញ្ជូនចំនួន 25 គ្រឿង ដើម្បីធានាចល័តអន្តរាគមន៍ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងការដោះស្រាយនូវវិធានការការពារ ទប់ស្កាត់ការឆ្លងមេរោគកូវីដ19 និងការបម្រើប្រជាជន ក្នុងការដោះស្រាយការលំបាក ខ្វះខាតស្បៀងអាហារនៅតាមមូលដ្ឋាននីមួយៗ

 

ឧត្តមសេនីយ៍ត្រីម៉ូ សឿម បានកោតសរសើរ ដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងកម្លាំងទាំងអស់ ដែលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រមទាំងមធ្យោបាយដឹកជញ្ជូនក្នុងការចល័តអន្តរាគមន៍តាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី 4

ឧត្តមសេនីយ៍ត្រីម៉ូ សឿម  ក៏បានក្រើនរំលឹកដល់កងកម្លាំងចល័តអន្តរាគមន៍ទាំងអស់ត្រូវតែមានមុខនៅតាមអង្គភាពនិងគោលដៅនីមួយៗ មួយរយភាគរយនៅនឹងកន្លែងដើម្បីរង់ចាំទទួលបទបញ្ជា  និងបានសំណូមពរដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ 3 កុំ និង 3 ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

ដោយ ប៊ុ​ន រដ្ឋា