អ្នកសារព័ត៌មានចំនួន១៩នាក់បានទទួលអំណោយគ្រឿងឧបភោគបរិភោគពីរដ្ឋបាលខេត្តសៀមរាប

0

សៀមរាប៖ អ្នកសារព័ត៌មានចំនួន១៩រូប មកពីជាង១០ស្ថាប័ន ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃក្នុងវិបត្តិកូវីដ-១៩ ។
ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងកោតសរសើរដល់បងប្អូនអ្នកសារព័ត៌មានគ្រប់អង្គភាពស្ថាប័ន ក្នុងខេត្តសៀមរាប ដែលបងប្អូនបានចូលរួមយ៉ាងសកម្មក្នុងការផលិតព័ត៌មាន ក្នុងនោះបងប្អូនអ្នកសរព័ត៌មានមួយចំនួនធំ បានសហការល្អក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត អង្គភាពមន្ទីរនានាបំរើឱ្យវិស័យព័ត៌មានក្នុងខេត្ត ប្រកបដោយក្រមសិលធម៌និងវិជ្ជាជីវៈ ស្របទៅតាមបរិបទនៃការវីវត្តរីកចម្រើនផ្នែកប្រព័ន្ឋព័ត៌មានវិទ្យា។ ចំពោះគ្រឿងឧបភោគបរិភោគដែលផ្តល់ជូននៅពេលនេះ ថ្វីត្បិតតែមិនអាចឆ្លើយតបបានទៅនឹងតម្រូវការរបស់បងប្អូនបានក៍ពិតមែន តែនេះបង្ហាញនូវការគិតគូរយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំខេត្តចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនអ្នកសារព័ត៌មាន ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ។ ជាមួយនោះក៏សុំអធ្យាស្រ័យពីសំណាក់បងប្អូនអ្នកសារព័ត៌មាននៃអង្គភាព ស្ថាប័នព័ត៌មានមួយចំនួនទៀតដែលមិនទាន់បានទទួល សូមរង់ចាំនៅវគ្គបន្ទាប់ រដ្ឋបាលខេត្តនឹងចាត់ចែងលៃលកជាជំហានៗ ទៅតាមលទ្ឋភាពដែលអាចធ្វើបាន។
លោក ពិន ប្រាកដ បញ្ជាក់ថា ចំពោះបងប្អូនអ្នកសារព៌ត៌មានរដ្ឋ និងឯកជនដែលកំពុងបំពេញភារកិច្ចហើយជួបបញ្ហាពិបាកក្នុងការចេញចូលក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នៅខេត្តសៀមរាប រដ្ឋបាលខេត្តកំពុងសម្របសម្រួលធ្វើប័ណ្ណសម្គាល់សម្រាប់ចេញចូលក្នុងការចុះយកព័ត៌មានក្នុងតំបន់នោះ ដោយរង់ចាំប្រមាណ ២ឬ៣ថ្ងៃទៀតទើបរួចរាល់ ៕