ក្រុមគ្រួសារយោធិន និងគ្រួសារកងរាជអាវុធហត្ថខេត្តបន្តចាក់វ៉ាក់សាំងបង្កាការពារមរោគកូវិដ១៩ម្ជុលទី២ជិត១០០០នាក់នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ ៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តចាក់វ៉ាក់សាំងបង្កាការពារមេរោគកូវិដ១៩ ជូនដល់ក្រុមគ្រួសារយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ធំ សម្រាប់ការចាក់វ៉ាក់សាំងម្ជុលទី២ សរុបជិតមួយពាន់នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាក់វ៉ាក់សាំងជូនដល់យោធិនលើកទី១ និងលើកទី២ និងបន្តចាក់ជូនដល់គ្រួសារយោធិន ទាំង២លើកផងដែរ លទ្ធផលគឺទទួលបានជោគជ័យ មិនតែប៉ុណ្ណោះនិងបានផ្តល់អទិ្ធភាព ជូនដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១រួច តែពុំអាចទៅទទួលការចាក់វ៉ាក់សាំងលើកទី២បាន ដោយសារតំបន់បិទខ្ទប់ អាចមកបន្តចាក់វ៉ាក់សាំងលើកទី២បាន នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបាន។

 

ទិដ្ឋភាពនៃសកម្មភាក្រុមគ្រូពេទ្យគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមន្ទីរសុខាភិបាល បានបំពេញភារកិច្ចនិងតួនាទីជាគ្រូពេទ្យបានល្អប្រសើរ ដោយបានផ្តល់នូវការណែនាំសម្រាប់សុខភាព ដល់អ្នកមកទទួលវ៉ាក់សាំង មិនតែប៉ុណ្ណោះមានការវាស់ស្ទង់កំដៅ វាសសម្ពាធឈាម និងសាកសួរពីបទពិសោធន៍ដែលទទួលបាន ការចាក់វ៉ាក់សាំងលើកទី១ នូវអាការៈផ្សេងៗផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមជាមេបញ្ជាការ តំណាងឲ្យយោធិន និងក្រុមគ្រួសារយោធិន បានគោរពថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានយកចិត្តទុកដាក់ ពីសុខទុក្ខយោធិន និងគ្រួសារយោធិន ពីជីវភាពរស់នៅនិងការព្រួយបារម្ភណ៍ពី ការឆ្លងមេរោគកូវិ១៩ដ៏កាចសាហាវនេះ ដោយបានអនុញ្ញាតិយោធិន និងគ្រួសារទូទាំងប្រទេស ទទួលបានអទិភាព ទទួលបានការចាក់វ៉ាក់សាំងមុនគេ ដើម្បីការពារនិងប្រឆាំងនិងមេរោគកូវិដ១៩ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្តាំផ្ញើដល់យោធិននិងគ្រួសារ បើទោះបីជាបានចាក់វ៉ាក់សាំងទាំង២លើកហើយក្តី ក៏ចាំបាច់ត្រូវបន្តការពារ ដោយធ្វើអនាម័យជាប្រចាំ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ៣ការពារ ៣កុំ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុខភាពគ្រួសារយើង ដើម្បីសង្គមជាតិយើង ។

ដោយ ប៊ុន រដ្ឋា