គំនរឈើជាង១០កន្លែងនៅឃុំស្តៅត្រូវបានសមត្ថកិច្ចចុះបង្រ្កាប និងដកហូត!

ខេត្តស្ទឹងត្រែង៖ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ នៅភូមិសាស្រ្តឃុំស្តៅ ក្នុងស្រុកសេសាន បាននាំគ្នាជម្លៀសបទល្មើសឈើទាំងយប់ ដើម្បីយកទៅលាក់ទុកនៅ
កន្លែងផ្សេងៗគ្នា ជាការបំបាត់ភស្តតាង ខណៈដឹងថាសមត្ថកិច្ច នឹងត្រូវចុះទៅបង្ក្រាប ។

ករណីខាងលើនេះ ត្រូវគេរាយការណ៍ថាៈបានកើតឡើងនៅចំនុចភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន នៃខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថាៈនៅមុនថ្ងៃទី១០ ខែឧសភាមានឈើប្រណិត ជាង១០កន្លែងនិងឈើលេខ១ ដែលគេគរទុកតាមផ្ទះប្រជាពលរដ្ឋ ត្រៀមដឹកជញ្ជូនចេញមកក្រុងស្ទឹងត្រែង ដើម្បីចែកចាយតាមសិប្បកម្មជាច្រើន ។ហើយឈើដែលដឹកចេញពីឃុំស្តៅនោះមកក្រុងស្ទឹងត្រែងគឺសម្រាប់កែច្នៃទៅជាគ្រឿងសង្ហារឹមពាក់កណ្ដាលសម្រេច ។គ្រាដែលលេចធ្លាយព័ត៌មាននេះ ទើបកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅដល់ចំនុចនោះ ធ្វើការស្រាវជ្រាវ ។ជាក់ស្តែងគឺពិតជាមានបទល្មើសព្រៃឈើ ដែលត្រូវបានគេគរទុកនៅតាមផ្ទះរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងទៀតថាៈកាលពីថ្ងៃទី៩ ខែឧសភា មានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចុះទៅដល់ភូមិសាស្រ្តនោះរួចមកហើយ លុះរំលងបានមួយយប់ ដល់ព្រឹកឡើងទើបគេឃើញមានកម្លាំងអាវុធហត្ថស្រុកសេសា
ន និងជំនាញរដ្ឋបាលព្រៃឈើ ចុះទៅធ្វើការបង្រ្កាប ។ ជាលទ្ធផលក្រោយការបង្រ្កាប សមត្ថកិច្ចដកហូត និងរឹបអូសបានវត្ថុតាងបទល្មើសព្រៃឈើនៅឃុំស្តៅនោះ ហាក់បានតិចតួចតែប៉ុណ្ណោះ ។

ពាក់ព័ន្ធនិងករណីនេះ គេបានដាក់ការសង្ស័យថាៈអាចមានការឃុបឃិតគ្នា រវាងអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាននោះ ជាមួយនិងក្រុមឈ្មួញ ដែលជាឱកាសក្នុងការជម្លៀសឈើលាក់ទុក មុនការចុះបង្រ្កាប ។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ១រូបដែលស្ថិតក្នុងការចុះបង្ក្រាបនោះដែរ បានលួចបង្ហើបប្រាប់ឲ្យដឹងថាពិតជាបង្ក្រាបបានឈើតិចតួចមែន ហើយក៏រកមិនឃើញគំនរឈើជាង១០កន្លែង ដូចដែលសេចក្តីរាយការណ៍នោះទេ ៕