បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចការងារយេនឌ័ររបស់អង្គភាព

កំពង់ធំៈនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចការងារយេនឌ័ររបស់អង្គភាព និងប្រគល់ថវិកា របស់រាជរដ្ឋាភិបាល ជូនយោធិន សម្រាកលំហែមាតុភាព នៅរសៀលថ្ងៃទី 2 ខែមិថុនាឆ្នាំ 2021 និងដើម្បីជួយសម្រួលដល់ការលំបាក ជូនយោធិននារី ដែលបានសម្រាកលំហែមាតុភាព ក្នុងរយៈពេល 3 ខែកន្លងមក ។
កិច្ចប្រជុំស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកស្រីវរសេនីយ៍ទោ យូ មុនីរ័ត្ន នាយសេនាធិការរងនិងជាប្រធានក្រុមការងារយេនឌ័ររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុ បានអានសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ស្ដីពីការឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ជូនយោធិននារីដែលបានសម្រាកលំហែមាតុភាព និងការអនុញ្ញាតច្បាប់ឲ្យឈប់សម្រាករយៈពេលបីខែមុន និងក្រោយការសម្រាលបុត្រ ។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន បានឲ្យដឹងថា ក្រុមការងារយេនឌ័ររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអនុវត្តវបានល្អប្រសើរកន្លងមក និងបានរួមចំណែក សន្សំថវិកាសម្រាប់ជួយផ្គត់ផ្គង់ ដល់កាលលំបាកផ្សេងៗរបស់យោធិននារី ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់យោធិននារីក្នុងជួរកងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ថវិការបស់រាជរដ្ឋាភិបាលចំនួន 80 ម៉ឺនរៀល និងថវិការបស់ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន 20 ម៉ឺនរៀល សរុបថវិកាចំនួនមួយលានរៀល ជូនដល់លោកស្រីអនុសេនីយ៍ត្រី អ៊ុល ចាន់រី ជំនួយការសុខាភិបាលនៅក្នុងអង្គភាពផ្នែកសឹករងបារាយណ៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ដោយ ប៊ុន រដ្ឋា