ករណីលេងល្បែងស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅក្នុងភូមិសាស្រ្តខេត្តកំពត

កំពតៈស្នងការដ្ឋាន នគរបាលខេត្តកំពត មានកិត្តិយសសូមជម្រាបជូនសាធារ ណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម មេតា្តជ្រាបថា ថ្មីៗនេះសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយជុំវិញករណីលេងល្បែងស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅក្នុងភូមិសាស្រ្តខេត្តកំពត។
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានយកចិត្តខិតខំប្រឹងប្រែងអនុវត្តនូវគ្រប់វិធានការនានា សំដៅធ្វើឲ្យសហគមន៍ ភូមិ ឃុំទទួលបាននូវសុវត្ថិភាព ស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»។ រាល់បទល្មើសនានាដែលបានកើតឡើង ត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបានទាន់ពេល។ ជាក់ស្តែង បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញ ឬក៏ទទួលបានព័ត៌មានពីសាធារណជន ត្រូវបានកម្លាំងជំនាញចុះទៅធ្វើការបង្រ្កាប និងចាត់ការតាមនីតិវិធី។ ដោយឡែក បុគ្គលដែលលួចលាក់បង្កប់នូវបទល្មើសនានា ជ្រកក្រោមអាជ្ញាប័ណ្ណអាជីវកម្ម ប្រសិនបើសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកឃើញ ក៏ត្រូវអនុវត្តតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែង និងយោគយល់ផងដែរ។
ស្នងការដ្ឋាននគរបាលខេត្តកំពត សូមទទួលយកនូវការរិះគន់ស្ថាបនា និងសូមថ្លែងអំណរគុណចំពោះសាធារណជនទាំងអស់ ដែលជានិច្ចកាលតែងតែចូលរួមសហការជាមួយសមត្ថកិច្ច តាមរយៈការផ្តល់ព័ត៌មានអំពីបទល្មើសនានា ធ្វើឲ្យប្រតិបត្តិការបង្រ្កាបបទល្មើសទទួលបានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនោះ ក៏សូមអំពាវនាវ និងលើកទឹកចិត្ត ឲ្យចូលរួមសហការបន្តទៀត ដើម្បីជួយកែលម្អ និងលុបបំបាត់នូវភាពឆកល្វែងនានារបស់សមត្ថកិច្ច សំដៅធ្វើសហគមន៍ ភូមិ ឃុំ សង្កាត់ក្នុងខេត្តកំពត កាន់តែទទួលបានសុវត្ថិភាពថែមទៀត។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕