មន្ត្រីអយ្យការ និងសាលាដំបូងខេត្ត បាននាំយកសម្ភារៈសុខាភិបាល ទៅឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តវិធានការ ៣កុំ ៣ការពារ !

ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ បានចាត់លោក សេង ម៉េងស៊្រុន លោក វុធ សាវី និងលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត នាំយកសម្ភារៈសុខាភិបាល «សម្ភារការពារប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩» ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី៥កក្កដាឆ្នាំ២០២១នេះ។
តំណាងអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ លោក សេង ម៉េងស៊្រុន បានថ្លែងថា ការផ្តល់ជូននូវសម្ភារៈការពារ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដល់ស្នងការនគរបាលខេត្ត នៅក្នុងពេលនេះ គឺទុកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងគ្រួសារ។ លោកព្រះរាជអាជ្ញារង បានផ្តាំផ្ញើដល់នាយ នាយរង និងពលនគរបាលទាំងអស់ ត្រូវបន្តចូលរួមបង្កាទប់ស្កាត់ឆ្លងការីករាលដាលជំងឺកូវិដ-១៩ ឲ្យបានគ្រប់ៗគ្នា ព្រោះត្បិតជំងឺនេះ គឺជាជំងឺដ៏កាចសាហាវបំផុត។ ដូច្នេះ ដើម្បីការពារជីវិតខ្លួនឯង ក្រុមគ្រួសារ និងការឆ្លងចូលក្នុងសហគមន៍បាន យើងម្នាក់ៗ ត្រូវអនុវត្តឲ្យបាននូវវិធានការ ៣កុំ និង៣ការពាររបស់រាជរដ្ឋាភិបាល ក៏ដូចសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬទឹកជែល ឲ្យបានញឹកញាប់ និងជាប្រចាំ យ៉ាងហោចឲ្យបាន ៣ទៅ ៤ដងក្នុង១ថ្ងៃ។
ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា បានថ្លែងអំណរគុណដល់ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ ដែលតែងជួយគិតគូ និងយកចិត្តទុកដាក់លើសុខមាលភាព មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរខេត្តព្រះវិហារ នៅក្នុងដំណាក់កាលមួយដែលកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ត្រូវការជាចាំបាច់បំផុត តួរយ៉ាងដូចជានៅក្នុងពេលនេះ អយ្យការ និងសាលាដំបូងខេត្ត បានផ្តល់ម៉ាស់ ២ពាន់ ៥០០ម៉ាស់ និងទឹកអាល់កុល៣០លីត្រ មកដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានចាត់ទុកសកម្មភាពដ៏រស់រវើករបស់ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ នៅក្នុងពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយយ៉ាងប្រពៃបំផុត សម្រាប់ការរួមចណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលជាសកលនេះ៕