លោក អ៊ុត វណ្ណរ៉ា អតីតអភិបាលស្រុកប្រាសាទសំបូរ ត្រូវបានប្រកាសប្ដូរមកជាអភិបាលសណ្តាន់ ខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ សម្តេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោក អ៊ុត វណ្ណរ៉ា អតីតអភិបាលស្រុកប្រាសាទសំបូរ ប្ដូរមកជាអភិបាលសណ្តាន់ ខេត្តកំពង់ធំ ជំនួសលោក ឡង់ គីសឹង ដែរបានប្តូរភារកិច្ចជាអភិបាលស្រុកសន្ទុកវិញ។

ថ្លែងក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់លោកអភិបាលស្រុកដែរទើបឡើងកាន់តំណែថ្មី ក្នុងការដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ នៅក្នុងស្រុកទទួលបានលទ្ធផលល្អប្រសើរ បានធ្វើឲ្យស្រុកមួយនេះធ្លាប់តែស្ងប់ស្ងាត់ ក្លាយជាស្រុកមួយពោពេញទៅដោយចរន្តសេដ្ឋកិច្ចដ៏សំខាន់ក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋត្រជាក់ត្រជុំរស់នៅបានសុខ ក្នុងការប្រមូលភោគផលពីដំណាំកសិកម្ម និងឧស្សាហកម្មជាច្រើន ជាពិសេសនោះ ស្រុកសណ្តាន់បានប្រែមុខមាត់ថ្មី នូវស្នាដៃនៃការអភិវឌ្ឍន៍របស់លោកអភិបាល។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរភូមិឃុំនៃ ស្រុកសណ្តាន់ ត្រូវណែនាំឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ដោយមិនត្រូវប្រកាន់រឿងឯកសារ ដូចជាខុសឈ្មោះ ខុសភូមិ ខុសទីលំនៅ គឺត្រូវធ្វើឯកសារបញ្ជាក់ភូមិឃុំហើយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ទើបអាចទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ។ ក្នុងនោះត្រូវបន្តផ្សព្វផ្សាយពីវិធានការការទប់ស្កាត់ការរីករាលដាលជំកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យអនុវតុ្តវិធានការ៣កុំ និង៣ការពារ របស់សម្តេចតេជោហ៊ុនសែន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ក្នុងឱកាសនោះ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្តាន់ថ្មី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា រួមនឹងថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលបានផ្តល់ឳកាសដ៏មហាប្រសើរ និងមានភាពជឿជាក់លើការដឹកនាំរបស់លោកកន្លងមក។ លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងបង្កើនសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាពអោយបានប្រសើរឡើង ដើម្បីលើកកម្ពស់គុណតម្លៃស្ថាប័ននេះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់បទបញ្ជារបស់ថ្នាក់លើ បង្កើតភាពទំនាក់ទំនងបន្ថែមជាមួយអង្គការដៃគូ បងប្អូនប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការអភិវឌ្ឍស្រុកសណ្តាន់ឱ្យមានការរីកចម្រើនបន្ថែមទៀត។ ក្រោយទទួលបានភារកិច្ចថ្មី លោកនឹងបន្តដឹកនាំមន្រ្តីរាជការនៅស្រុកទាំងមូល ដោយបន្តសម្រេចការងារមួយចំនួនដែលនៅសេសសល់ ដែលជាគម្រោងអភិវឌ្ឍន៍សម្រាប់ភូមិឃុំស្រុក ដើម្បីឲ្យលទ្ធផលទទួលបានផ្លែផ្កា និងជោគជ័យប្ថែមទៀត៕