អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ បើមិនចាំបាច់ កុំចាកចេញពីផ្ទះឲ្យសោះ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវបែបនេះ ក្នុងគ្រាដែលរបាយទឹកភ្លៀង បាននិងកំពុងបង្អុរចុះមកយ៉ាងខ្លាំង គ្របដណ្តប់លើដែនដីរដ្ឋបាលក្រុងព្រះសីហនុ នាម៉ោងជាង ៧យប់ ថ្ងៃទី២៤ខែសីហាឆ្នាំ២០២១នេះ។
យោងតាមការព្យាករណ៍ ខេត្តព្រះសីហនុ បាននិងកំពុងរងការជនលិចតំបន់មួយចំនួនក្នុងក្រុង ពិសេស តំបន់អូរ១ អូរ២ អូរ៣ និងអូរ៤ ព្រោះត្បិតកម្រិតទឹកភ្លៀងបានកើនឡើងដល់កម្ពស់ ១៤៩មីលីម៉ែត្រ កាលពីម៉ោងប្រមាណ ៨យប់នេះ ហើយភ្លៀងនឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលអាចធ្វើឲ្យរបបទឹកភ្លៀង ហក់ឡើងខ្ពស់ជាងនេះ។
អភិបាលខេត្តព្រះសីហនុ លោក កួច ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាវេលាយប់នេះថា លោកបានបែងចែកកម្លាំងរួចជាស្រេចហើយ ដើម្បីចុះពិនិត្យពីស្ថានភាព នៅក្នុងតំបន់មួយចំនួន ដែលកំពុងរងការលិចលង់ ដោយបង្ករពីការធ្លាក់ភ្លៀងខ្លាំង និងការប្រើប្រាស់កម្លាំងសរុប ក្នុងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ចាកចេញពីការលិចលង់នេះ ឲ្យបានទាន់ពេលវេលា។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះ ប្រសិនបើគ្មានការចាំបាច់។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុ បានរងការគ្របដណ្តប់ទៅដោយដំណក់ទឹកភ្លៀង ស្ថិតក្នុងកម្រិតមធ្យមទៅការធ្លាក់ភ្លៀងខ្លាំង ចាប់ពីពេលព្រលប់ រហូតមកដល់ម៉ោងប្រមាណ ៨យប់ ថ្ងៃទី២៤សីហានេះ លើតំបន់មួយចំនួន ដូចជា ក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ផងនោះដែរ៕ ដោយ៖ចៅស្រទបចេក