ខណៈពេលដែលខេត្តកំពង់ធំកំពុងតែជ្រួលច្របល់និងការតែងតាំងនាយខណ្ទរដ្ឋបាលជលផលថ្មី បទល្មើសនេសាទកើតឡើងពេញបន្ទុក

ខេត្តកំពង់ធំ៖ ស្របពេលដែលមន្រ្តីជលផលមួយចំនួនធំ កំពុងតែរងចាំមើលការតែងតាំងនាយខណ្ទរដ្ឋបាលជលផលថ្មី ដូចរងចាំអ៊ុតគ្រប់អាប៉ោង ដោយមានមាត់ចាបមាត់ព្រាប ទស្សន៍ទាយដូចហោរ៉ាគ្មានក្បួន ថាអ្នកនេះឡើង អ្នកនោះឡើង បែបជាមេឈ្មួញបង្កើតបទល្មើសបានកើតឡើងពេញបន្ទុក ដែលត្រូវបានគេដឹងថា លោក ស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផលឃុំផាត់សណ្តាយ បានឃុបឃិតជាមួយអ្នកដាក់បទល្មើសពេញផ្ទៃទឹក ។
ជាក់ស្តែងបទល្មើសនេសាទ ដែលបានបំផ្លាញធនធានមឆ្ឆាជាតិ បានលើតឡើងដូចជា របាំងរាប់រយលុកមានទាំងសាច់សារ៉ូ សាច់ក្រហម សាច់ខៀវ អ៊ួនក្រឡាញឹកពាសពេញផ្ទៃបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ដែលត្រូវបានគេដឹងថា ប្រព័ន្ឋឃុបឃិតគ្នានេះ ត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ ជាមួយថែកែទិញត្រី ឈ្មោះចែអ៊ី ប្រពន្ឋលោក ហេង មនោ មេឃុំផាត់សណ្តាយ ។
យោងតាមសេចក្តីរាយការណ៍ ពីប្រជានេសាទបានបញ្ជាក់ច្បាស់ថា បានបង់លុយជូននាយសង្កាត់ និងលោក​ យ៉ាន.វីសាក់ ហៅឧកញ៉ាសែ នាយផ្នែក ដែលជាថ្នូរនិងមិនចាប់ការដាក់បទល្មើស នៅចំណុចជ្រោយវាលវែង មកដល់ដងទង់ គឺមានឈ្មោះកងស៊ី ជាអ្នកដាក់បទល្មើសខ្នាតធំជាងគេរាប់ និងជាអ្នកប្រមូលលុយឲ្យសមត្ថកិច្ចជំនាញ និងស្ថាប័នក្នុងក្របខណ្ទ និងក្រៅក្របខណ្ទ។
មិនតែប៉ុណ្ណោះលោកស៊ិន សុភី នាយសង្កាត់ បានអនុញ្ញាតឲ្យចែអ៊ី ប្រពន្ឋលោកហេង មនោ មេឃុំផាត់សណ្តាយ ដាក់បទល្មើសជាង១០ទូកនៅចំនុចក្រឡុកបាយក្អែក ចំណុចមាត់បាយចេស ឡើងមកខាងលិចរហូតដល់មកទ្ធារបឹង គឺមានឈ្មោះសឺង ឈ្មោះលាន ឈ្មោះថា ឈ្មោះឃឿនលើ ឈ្មោះលាង ឈ្មោះស៊ង ឈ្មោះអ៊ូក ឈ្មោះហ៊ាង ឈ្មោះថាធា ឈ្មោះទី និងឈ្មោះឆេងដាក់វែងជាងគេនៅចំណុចបាទាល់ បាកោង ។

សូមបញ្ជាក់ថា អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ បានរួមគ្នាកសាងប្រព័ន្ឋសុវត្តិភាព ជាមួយជំនាញរដ្ឋបាលជលផល ទាំងផ្នែក ទាំងសង្កាត់ ដើម្បីរួមគ្នាបំផ្លាញធនធានមច្ឆាជាតិជារៀងរាល់ឆ្នាំ បានធ្វើអោយមច្ឆាជាតិទាំងតូចទាំងធំរលាយបាត់អស់បន្តិចម្ដងបន្តិចម្ដងរហូតផុតពូជក៏ថាបាន សូម្បីតែឡូត៍អភិរក្សសម្រាប់ទុកពូជត្រីអោយពងកូនក៏គ្មានត្រីដែរ រហូតដល់ថ្នាក់ ប្រជាពលរដ្ឋយល់ថា ថៅកែឡូត៍នៅលើផ្ទៃបឹងទន្លេសាប បច្ចុប្បន្នគឺជាជំនាញជលផលហ្នឹងហើយ ។
ទាក់ទិនទៅនិងបញ្ហាចោទប្រកាន់ថា លោកនាយសង្កាត់ផាត់សណ្តាយ បានបណ្តែតបណ្តោយ មិនខ្វល់និងការបង្រ្កាប និងខ្វល់និងការវិនាសធនធានមឆ្ឆាជាតិនេះ គឺអង្គភាពសារព័ត៌មាន បានព្យាយាមធ្វើការទំនាក់ទំនង តែទូរស័ព្ទពុំអាចទាក់ទងបាន ក្នុងនោះក៏មានការសំណូមពរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋថា សុំឲ្យអភិបាលខេត្តកំពង់ធំ ជួយការពារធនធានមច្ឆាជាតិ ដើម្បីការពារឲ្យត្រីពងកូនក្នុងរដូវបិទនេសាទនេះផង ។
ដោយ ប៊ុន វាសនា