ពលរដ្ឋក្រីក្រ១០០គ្រួសារក្នុងភូមិខ្នារ សង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជន 

ប្រជាពលរដ្ឋក្រីក្រនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ចំនួន១០០គ្រួសារ បានទទួលអំណោយឧបត្ថម្ភពីសប្បុរសជន លោក ស៊ាន សុវណ្ណា ដែលរស់នៅក្នុងភូមិផងរបងជាមួយគ្នា។ ពិធីប្រគល់អំណោយនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នៅលើបីទីតាំង ផ្សេងគ្នាក្នុងភូមិខ្នារ សង្កាត់ជ្រាវ។

លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានមានប្រសាសន៍ថា ក្នុងបរិបទកូវីដ១៩ ជាពិសេសកាលពីខែកញ្ញា ២០២១នេះ ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ មួយចំនួនបានបាត់បង់មុខរបរ ធ្វើឲ្យជីវភាពពួកគាត់កាន់តែលំបាក។ លោកចៅសង្កាត់បន្តថា ជាមួយនឹងការលំបាកនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តសៀមរាប ក៏ដូចជាសប្បុរសជននានា បានជួយអន្តរាគមន៍ជួយដល់បងប្អូនក្រីក្រជាបន្តបន្ទាប់ ។ ជាក់ស្តែងដូចនៅពេលនេះ ដែលលោកស៊ាន សុវណ្ណា ដែលជាសប្បុរសជន រស់នៅក្នុងភូមិខ្នារ សង្កាត់ជ្រាវផ្ទាល់ បានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយដល់អ្នកភូមិផងរបងជាមួយគ្នា ចំនួន១០០គ្រួសារដែលជួបប្រទះការលំបាកបំផុត។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ភូមិខ្នារសង្កាត់ជ្រាវ ក៏ដូចជាទីតាំងមួយចំនួនទៀតត្រូវបានរដ្ឋបាលខេត្តសៀមរាប ដាក់ជាតំបន់បិទខ្ទប់ពណ៌ក្រហម ជាទីតាំងដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ខ្លាំង។ ដែលការបិទខ្ទប់នេះបានធ្វើឲ្យពលរដ្ឋមិនអាចចេញពីលំនៅដ្ឋាន ដើម្បីប្រកបរបរចិញ្ចឹមជីវិតបាន៕