​ជំលោះ​រឿង​ព្រុំដី​បណ្តាល​ឲ្យ​ភាគី​ម្ខាង​គាំងបេះដូង​ស្លាប់​ម្នាក់​

0

​ កណ្តាល ៖ បុរស​ពីរ​នាក់​ឈរ​ឈ្លោះប្រកែក​គ្នា​រឿង​ព្រុំដី ដ៏​តានតឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​គាំងបេះដូង​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំរោង​ធំ​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ឈ្មោះ យិន សេង ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។ ចំណែក​ភាគី​ទំនាស់​ម្ខាង​ទៀត​ឈ្មោះ ពឹង ទ្រី ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ។​2

ដើម្បី​ហេតុ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​គឺ​ការវាស់វែង​ព្រុំដី​ដើម្បី​ធ្វើ​របង​ដោយមាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​ភូមិ​-​ឃុំ​ផងដែរ តែ​ភាគី​ម្ចាស់​ដី​ដែលមាន​ព្រុំដី​ជាប់​គ្នា​នៅតែ​បង្កជម្លោះ​ដណ្តើមយក​ត្រូវ​រៀងៗ​ខ្លូន​ទើប​ធ្វើ​ឲ្យ​បុរស​វ័យ​៧៤​ឆ្នាំ​ម្នាក់​គាំងបេះដូង​ស្លាប់​តែម្តង ។ ក្នុងពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​មូលដ្ឋាន​ផងដែរ ។ ប៉ុន្តែ​ក្នុងករណីនេះ​មិន​ត្រូវបាន​សមត្ថកិច្ច និង​ប្រព័ន្ធតុលាការ​ខេត្តកណ្តាល មាន​បន្ទុក​ណាមួយ​ចោទប្រកាន់​ទៅ​ភាគី​ម្ខាង​ទៀត​បានឡើយ ។ ព្រោះ​រឿង​ជម្លោះ​ពាក្យសំដី​ដោយ​ភាគី​ទាំងនោះ​ប្រើប្រាស់​ឧបករណ៍​ណាមួយ​ទៅលើ រា​ង្គ​កាយ​ជនរងគ្រោះ​នោះទេ ។

តែ​ទោះជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​ត្រូវតែ​ចុះ​ត្រួតពិនិត្យ​សព និង​ចងក្រង​ឯកសារ​ជាក់លាក់​សម្រាប់​ជា​តឹកតាង ។​ នៅក្នុង​ថ្ងៃកើតហេតុ​នោះ​ផងដែរ មន្ត្រី​ជំនាញ​ផ្អែក​កោសល្យវិច័យ​ស្រុក ខេត្តកណ្តាល បាន​ចុះទៅ​ត្រួតពិនិត្យ​សព ដោយ​បញ្ជាក់​អះអាងថា​ជនរងគ្រោះ​ឈ្មោះ យិន សេង មាន​ជម្ងឺលើសឈាម នៅពេល​មាន​កំហឹង​ផ្ទុះឡើង​ធ្វើ​ឲ្យ​ឈាម​បុក​ឡើងឈរ​ទៅរក​ការ​គាំងបេះដូង​ស្លាប់​តែម្តង ៕