អគារស្នាក់នៅរបស់កងទ័ព និងការស្ថាបនាផ្លូវបេតុងក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ស្ថាបនាបានសមិទ្ធផល ៩៥%ហើយ

0

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល  នៃគណៈអភិបាល ខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យវឌ្ឍនភាព  នៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន ២ខ្នង  និងការស្ថាបនាផ្លូវបេតុងចំនួន ៧ខ្សែ ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត  ដែលជាអំណោយ ដ៏ថ្លៃ ថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន  សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ដោយតាមរយៈលោក បណ្ឌិត  ហ៊ុន  ម៉ាណែត  អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក។

អគារស្នាក់នៅរបស់កងទ័ព២ខ្នងខាងលើនេះ គឺអាគារនិមួយៗ មានទំហំ១០,៥០មx៣៦ម កម្ពស់១ជាន់ និងអាគារបន្ទប់ទឹករួម ២ខ្នង ដែល១ខ្នងៗមានទំហំ ២១មx៦ម និងការស្ថបនាផ្លូវបេតុងចំនួន៧ខ្សែ មានប្រវែង សរុប ៥២៥ម ទទឹង៧ម កំរាស់ ១៥០ម.ម ។បានចាប់ផ្តើមប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រោមអធិតីភាព លោក ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហ៊ុន ម៉ាណែតអគ្គ មេបញ្ជា ការរង មេបញ្ជាការ កងទ័ពជើងគោក និង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយរហូតមកដល់ពេលនេះសម្រេចបានលទ្ធផល ៩៥% ហើយ ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ធ្វើការលម្អនៅក្នុងទីតាំង បរិវេណជុំវិញ ដាំទៅដោយដើមឈើនិងដើមផ្កា ដើម្បីឱ្យមានសោភ័ណភាព និងបរិស្ថានស្អាត ព្រមទាំងជាម្លប់ ដល់ កងទ័ពដែលធ្វើការហ្វឹកហាត់បន្ទាប់ពីឈប់សម្រាកអាចជ្រោក ក្រោមម្លប់ដើមឈើ និងទទួលយកនៅខ្យល់ អាកាសបរិសុទ្ធបានផងដែរ៕

(ដោយនាគសមុទ្រ)