គិតត្រឹមថ្ងៃទី១២មករា ឆ្នាំ២០២២ តួលេខពលរដ្ឋមកចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី៣(ដូសជម្រុញ)បាន ៥៤,៣៨៥ នាក់

0

(ខេត្តកំពត)៖ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ក្នុងខេត្តកំពត មានពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី៣​ ឬ(ដូសជម្រុញ)បានចំនួន ៥៤,៣៨៥ នាក់ ស្មើនឹង១២.០៦ ភាគរយ នៃផែនការ។

នេះជាការឆ្លើយតបពីលោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។លោកថា កន្លងមកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីដូសទី១ រហូតដល់ដូសទី៣ ឬដូសជម្រុញ ផ្នែកជំនាញ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានធ្វើការផ្សព្វផ្សាយ ជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋទូទៅក្នុងខេត្តកំពត ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាព រួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មី ដែលមានឈ្មោះថា អូមីក្រុង(Omicron)ជាដើម។

លោក ញា ប៊ុនថន បានបញ្ជាក់ទៀតថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់ពីដូសទី១ ដល់ដូសទី២។លុះចាក់បាន២ដូសរួចបានចំនួន៤ខែហើយនោះ នឹងអនុញ្ញាតឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អាចចាក់ដូសទី៣ ឬដូសជម្រុញ បន្តទៀត ដោយការអនុវត្តគ្មានគិតថ្ងៃបុណ្យ ឬជាថ្ងៃសៅរ៍ អាទិត្យនោះឡើយ។

ដោយឡែក លោក ស៊ីន ចូវ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋលើកទី៣ ឬដូសជម្រុញនេះ ត្រូវបានអនុវត្តយ៉ាងផុលផុស គឺពុំបានគិតថាថ្ងៃសៅរ៍ ឬ ជាថ្ងៃអាទិត្យនោះឡើយ ដោយក្រុមការងារជាបុគ្គលិកពេទ្យនៅគ្រប់មន្ទីរពេទ្យបង្អែក ក៏ដូចជាមណ្ឌលសុខភាពទូទាំងខេត្ត ទាំង៩ក្រុង ស្រុក បាននឹងកំពុងរង់ចាំទទួលសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ ហើយក្នុងដំណាក់កាលនេះ មន្ត្រីជំនាញបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមិនទាន់បានចាក់វ៉ាក់សាំងលើកទី៣ សូមឱ្យបងប្អូនប្រជាពលរដ្ឋមកចាក់ឱ្យបានគ្រប់ៗគ្នា ដែលបច្ចុប្បន្នក្រុមការងារ មន្ត្រីជំនាញកំពុងបម្រើសេវានៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព តាមបណ្តា ឃុំ សង្កាត់ ទាំងអស់នៃខេត្តកំពត៕ សេង ណារិទ្ធ