វគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តប៉ៃលិន

0

ប៉ៃ លិន​៖ នាព្រឹក ថ្ងៃសុក្រ​ ទី​១៨ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលប្រជុំធំ​ មន្ទីរ​កិច្ចការ​នារី​ ខេត្ត មានរៀបចំពិធី បើកវគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត​ប៉ៃលិន​ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ លោកជំទាវ​ បាន​ ស្រីមុំ​ ប្រធានគណៈកម្មការកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជាអភិបាលខេត្តប៉ៃលិន​ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ជាស្រ្តីជាច្រើនរូបផងដែរ។

ក្នុងវគ្គបំប៉ននោះ​លោក​ជំទាវ​ បាន​ ស្រីមុំ​ អភិបាលខេត្តប៉ៃលិន​បានធ្វើការកោដសរសើរ​ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ ដែលបានសហការជាមួយ​សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន​ ក្នុងការបើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីថ្នាក់ដឹកនាំដើម្បីស្វែងយល់បញ្ហាពាក់ព័ន្ធ​ និងវឌ្ឍនភាពការងារនិងស្វែងយល់ពីចរិកលក្ខណៈដែលមាន​សក្ដានុពល​ ក្នុងការដឹកនាំគ្រប់គ្រងឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងការប្ដេជ្ញាចិត្តក្នុងការបំពេញតួនាទី​ និងភារកិច្ចដែលបានកំណត់ដោយច្បាប់ និងចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ។

លោកជំទាវ​អភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់ពីរគ្រូឧទេ្ទសដើម្បីត្រូវហ៊ានសួរនូវចម្ងល់ឬចំណុចណាមួយដែលយើងមិនទាន់ច្បាស់​ និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យបានផុសផុលដើម្បីចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការពង្រឹងវិសហមជ្ឈការ​ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ និងការអនុវត្តជាក់ស្ដែងនៅតួនាទីរបស់យើងគ្រប់ៗគ្នា។

ថ្លែងក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍​ ដោយបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង លើគោលនយោបាយជាតិបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពសំដៅលើកកម្ពស់សមភាពយេនឌ័រលើកស្ទួយស្ថានភាពស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិ និងជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ចុងបញ្ចប់លោកជំទាវ ជូ ប៊ុនអេង បានធ្វើការផ្តាំផ្ញើដល់ស្រ្តីជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តប៉ៃលិន​ ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាព របស់ខ្លួនបន្ថែម​ទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត។ ជាពិសេស គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើប្រជាពលរដ្ឋឲ្យល្អផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន