រដ្ឋបាលខេត្តស្ទឹងត្រែង នឹងលើកយកបញ្ហាប្រឈមនានា មកពិភាក្សារកដំណោះស្រាយឲ្យមានប្រសិទ្ធភាព ក្នុងចក្ខុវិស័យ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល នាអាណត្តិទី៦នេះ

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានលើកឡើងថា ការអនុវត្តន៍សិទ្ធិអំណាច តួនាទី ភារកិច្ចរបស់ស្ថាប័ន និងអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់របស់ខេត្ត ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ នៅមិនទាន់បានឆ្លុះបញ្ចាំង នូវវឌ្ឍនៈភាពការងារលើគ្រប់វិស័យ និងការកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនានា ឈានទៅរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត បានល្អប្រសើរទាំងស្រុង នៅឡើយទេ។

ការលើកឡើងបែបនេះរបស់ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥មីនា ដល់ថ្ងៃទី១៦មីនា ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង។

ពិធីបើកសន្និបាតនេះ បានធ្វើឡើងក្រោមវត្តមាន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង មន្ត្រីខេត្ត ក្រុង ស្រុក និងកងកម្លាំងទាំង៣ មន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នាយកទីចាត់ការ ការិយាល័យប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាល សរុប ២១២នាក់។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា គោលបំណងនៅក្នុងការបើកសន្និបាតនេះ គឺដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងនូវវឌ្ឍនៈភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត ដោយរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ ឈានទៅរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

លោក ស្វាយ សំអ៊ាង បានបន្តទៀតថា ដូច្នេះ សមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ ត្រូវរួមគ្នាពិនិត្យ និងពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឲ្យទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកថា ដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និងការទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំ នូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខនេះ គឺត្រូវតែមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានលើកយកគោលការណ៍ជាអាទិភាពរបស់ រាជរដ្ឋាភិបាល យកមកពិភាក្សាសម្រាប់បន្តអនុវត្តនាពេលខាងមុខ ក្នុងនោះរួមមាន៖ វិធានការទប់ស្កាត់បទល្មើស ការរុករានទន្ទ្រានដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ បញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំ-សង្កាត់ លទ្ធភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងស្ថាប័នទទួលខុសត្រូវ ព្រមទាំងពិភាក្សាបន្ថែមលើចំណុចគន្លឹះសំខាន់ៗជាច្រើនទៀត ដូចជា ការរីករាលដាលនៃជំងឺកូវីដ-៩ ដោយត្រូវបន្តខិតខំអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឲ្យមាននិរន្តរភាពក្នុងការអនុវត្ត ទទួលបានដោយជោគជ័យ សម្រាប់អាណត្តិទី៦នេះ៕ ដោយ៖ឡុង សំបូរ