សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្រោយចប់អាណត្តិ

0

ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកជំទាវ ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយលោកជំទាវបានចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកជំទាវ ប៉ូលីន ថាំមីស៊ីស បានគោរពជម្រាបជូនសម្តេចតេជោថា លោកជំទាវពិតជាមានកិត្តិយសណាស់ ដែលបានមកបម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ រយៈពេលកន្លងមកនេះ។លោកជំទាវ សូមគោរពវាយតម្លៃខ្ពស់ចំពោះភាព ជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលទាំងអស់នេះសុទ្ឋសឹងជាភាពជោគជ័យ ដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត។

លោកជំទាវ ប៉ូលីន ថាំមីស៊ីស គោរពជម្រាបជូនសម្ដេចតេជោថា ប្រព័ន្ធអង្គការសហប្រជាជាតិប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល ដូចជា ទី១.វិនិយោគលើវិស័យធនធានមនុស្ស ទី២.ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី៣.ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របចំពោះការលើកឡើងរបស់ លោកជំទាវ ប៉ូលីន ថាំមីស៊ីស។ សម្ដេចបានថ្លែងអំណរគុណ ចំពោះលោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើង អំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការទទួលឲ្យចូលចតនូវនាវា Wasterdam ដែលពេលនោះប្រសិនបើកម្ពុជាមិនអនុញ្ញាតឲ្យចូលចតនោះទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរនៅលើនាវានោះទៅជាយ៉ាងណានោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវ ប៉ូលីន នូវយុទ្ធសាស្ត្រផ្ការីកដែលបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល។ មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោកជំទាវ ប៉ូលីន និងថ្លែងអំណរគុណចំពោះប្រព័ន្ធអង្គការសហប្រជាជាតិទាំងអស់ដែលបានចូលរួមចំណែក និងឆ្លងកាត់ការលំបាកជាមួយកម្ពុជា ហើយសម្តេចតេជោក៏បានជូនពរចំពោះលោកជំទាវប៉ូលីន ឲ្យទទួលបាននូវភាពជោគជ័យលើរាល់ភារកិច្ចជាបន្តបន្ទាប់ទៀត៕