ពិធីប្រកាសតែងតាំងសម្រួលតួនាទី/ភារកិច្ចនាយកសាលាបឋមសិក្សាព្រះនាង និងនាយកសាលាបឋមសិក្សាកំពង់ចិន នៅក្នុងស្រុកស្ទោង

(កំពង់ធំ)÷ លោក សាយ គឹមឡម ឣភិបាល នៃគណៈឣភិបាលស្រុកស្ទោង និងលោក លោកស្រីឣភិបាលរងស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងកងកម្លាំងទាំងបីបាន ឣញ្ជើជាឣធិបតីភាព ក្នុងពិធីប្រកាសតែងតាំងសម្រួលតួនាទី/ភារកិច្ចលោក មាស សំសុធីរិទ្ធិ ពីនាយកសាលាបឋមសិក្សាពង្រ មកជានាយកសាលាបឋមសិក្សាព្រះនាង ស្ថិតនៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង និងលោក ភិន រ៉ាត់ មកជានាយកសាលាបឋមសិក្សាកំពង់ចិន ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សាយ គឹមឡម បានជំរុញឱ្យលោកនាយកសាលា ដែលបានតែងតាំងនាពេលនេះ ត្រូវគ្រប់គ្រងដឹកនាំ ឣភិវឌ្ឍឣង្គភាព ឱ្យបានល្អប្រសើរប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាព ភាពស្មោះត្រង់ជាមួយបុគ្គលិកនៅក្នុងអង្គភាពរបស់ខ្លួន។

ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង បានបញ្ជាក់ថា ការផ្លាស់ប្តូរសម្រួលតួនាទី/ភារកិច្ច របស់នាយកសាលាជារឿងធម្មតា ក្នុងការដឹកនាំសម្របសម្រួល និងរកវិធីសាស្ត្រល្អៗ សម្រាប់បង្រៀនសិស្សានុសិស្ស ឱ្យមានភាពរីកចំរើនប្រសើរទ្បើង។ ដើម្បីជួយឲ្យឣង្គភាពកាន់តែមានការរីកចម្រើន លោកគ្រូ ឣ្នកគ្រូ គណៈកម្មការ ត្រូវរួបរួមសាមគ្គីគ្នា ឣនុវត្តតួនាទី/ភារកិច្ច ឲ្យបានត្រឹមត្រូវ ពិសេសបង្រៀនសិស្សានុសិស្ស បានទទួលលទ្ធផលល្អគ្រប់ៗគ្នា ។ សូមលោកនាយកសាលាថ្មីទាំងពីរនេះ ត្រូវមានប្លង់គោល និងផែនការប្រចាំឆ្នាំរបស់សាលា ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមានការងាយស្រួលក្នុងការឣភិវឌ្ឍ និងគៀរគរមូលនិធិពីបស្បុរសជន អង្គការដៃគូ និងប្រភពថវិកាផ្សេងៗទៀតក្នុងការអភិវឌ្ឍសាលារៀន។

ជាចុងបញ្ចប់លោកសាយ គឹមឡម បានបណ្ដាំផ្ញើដល់លោកនាយក លោកគ្រូ ឣ្នកគ្រូសិស្សានុសិស្ស ទាំងអស់នៅក្នុងស្រុកស្ទោង ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក កុំឱ្យមានគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតរបស់បងប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលកើតឡើងជាយថាហេតុ។