ពិធីប្រកាសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបឹងនិមល ចំណុះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនកំពត

ខេត្តកំពត៖ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ខេត្តកំពតបានធ្វើពិធីប្រកាសដាក់ឲ្យបើកដំណើរការ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈបឹងនិមល ចំណុះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនកំពត ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារបណ្ដុះបណ្ដាល និង មិនមានការចួលរួម ពីសំណាក់លោក វ៉ិត វឌ្ឍនា អភិបាលរងខេត្ត។

សូមបញ្ជាក់ថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបឹងវិលខេត្តកំពត ពីមុនគឺស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មានទីតាំងនៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
សាលាបានផ្តល់ការបណ្តុះបណ្តាល លើ២ កម្រិត គឺ១-កម្រិតសញ្ញាបត្របច្ចេកទេស និង ២-ថ្នាក់វិញ្ញាប័នបត្ររយៈពេលខ្លី ផ្នែកកសិកម្ម និងសេវាកម្ម ។
នៅឆ្នាំ២០២១នេះ សាលាបានបណ្តុះបណ្តាលសិស្ស-និស្សិតមានភាពជោគជ័យ និងមានការងារធ្វើ ទទួលបានលទ្ធផលល្អប្រសើរ។ ចំណែកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនកំពត គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
មានទីតាំងស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។

វិទ្យាស្ថាននេះបានផ្តល់ការបណ្តុះ បណ្តាលលើ៥កម្រិត គឺ ១-កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស ២-កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឬបរិញ្ញាបត្ររង ៣-កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៤-ថ្នាក់ស្ពានចម្លងបន្តជំនាញ ៥-ថ្នាក់វិញ្ញាប័នបត្ររយៈពេលខ្លី ផ្នែកកសិកម្ម និងសេវាកម្ម ។ លទ្ធផលក្នុងឆ្នាំ២០២១កន្លងទៅកន្លងទៅនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលសិស្ស និស្សិត បានចំនួន ២២៩៦នាក់ ស្រី ១២០២នាក់ដោយទទួលបានការងារធ្វើល្អប្រសើរ។

ឯកឧត្ដមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានចាត់ទុកថា ការផ្ទេរសាលាបណ្ដុះបណ្ដាលទាំងពីរ ស្ថិតក្រោមការគ្រប់គ្រងតែមួយ គឺជាការងារ សំខាន់ចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង ក្នុងការផ្ដល់ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។ ឯកឧត្តមក៏បានធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសាលាទាំងពីរ បានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួននារយៈពេលកន្លងមក ស្របតាមគោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់ ចំណេះដឹងជំនាញបច្ចេកទេសវិជ្ជាជីវៈដើម្បីបង្កើនការងារនឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ ។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងពីរ គឺសាលាបឹងនិមល និងវិទ្យាពួកបច្ចេកទេសភូមិភាគតេជោសែន កំពត ឲ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ពិសេសសាមគ្គីសហការផ្ទៃក្នុងសាលា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ឲ្យបានល្អ ដើម្បីអនុវត្តឱ្យបានលទ្ធផលល្អប្រសើរក្នុងគោលដៅរួម បង្កើនសក្កានុពលធនធានមនុស្ស លើជំនាញចំណេះដឹងវិជ្ជាជីវៈនឹងការងារធ្វើ ជូនប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យនៃគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីបង្កើតជីវភាពនិងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕ សេង ណារិទ្ធ