សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរា ចំនួន៦៩គ្រួសារ នៅឃុំផាត់សណ្តាយ

កំពង់ធំ៖ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មន្រ្តីសាខា ព្រមទាំងអនុសាខាស្រុក ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ និងគ្រឿងឧបភោគបរិភោគរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាចំនួន៦៩គ្រួសារ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

លោក ឡាំង សារ៉ូ អភិបាលរងស្រុកកំពង់ស្វាយ បានឡើងធ្វើរបាយការណ៍អំពីស្រុកកំពង់ស្វាយ មានចំនួន ១១ឃុំ មានភូមិចំនួន៩៧ភូមិ ដោយឡែកនៅក្នុងឃុំផាត់សណ្តាយ គឺជាឃុំដែលរស់នៅលើផ្ទៃទឹក។ ប្រជាពលរដ្ឋប្រកបមុខរបរនេសាទ មិនមានគ្រួសារណាធ្វើស្រែចម្ការនោះទេ ដូច្នេះធ្វើឲ្យពួកគាត់មានការលំបាក និងមានជីវភាពខ្វះខាត ដោយសារការនេសាទមិនបានគ្រប់គ្រាន់ រកបានព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានពាំនាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់។ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយចែកជូនពុកម៉ែបងប្អូនដែលកំពុងតែជួបការលំបាកនៅពេលនេះ។

លោកជំទាវ លំ គន្ធារី បានបន្តទៀតថា អំណោយទាំងនេះគឺបានមកពីតាមរយៈភ្នាក់ងារស្ម័គ្រចិត្ត លោកមេភូមិ លោកមេឃុំ ចុះស្រាវជ្រាវតាមផ្ទះអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ បានរាយការណ៍មកសាខាកាកបាទក្រហមខេត្ត។ រហូតដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានសម្រេចចាត់តាំងក្រុមការងារ និងនាំយកអំណោយទាំងនេះមកចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឲ្យបានទាន់ពេលវេលា។

លោកជំទាវ លំ គន្ធារី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើផ្ទៃបឹងទន្លេសាប សូមចូលរួមថែរក្សាតំបន់អភិរក្ស ដើម្បីការពារធនធានធម្មជាតិឱ្យមានការសម្បូរឡើងវិញ ឱ្យមាននិរន្តរភាពតកូនតចៅទៅមុខទៀត។ ការផ្តល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា ចំនួនគ្រួសារទីទ័លក្រ និងចាស់ជរាចំនួន៦៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងឃីត១កញ្ចប់។