ទាក់ដៃចង្កូតដួលចូលក្រោមរថយន្ត កិនស្លាប់ឪពុក ឯប្រពន្ធនិងកូនតូច រងរបួសធ្ងន់

0

ខេត្តបាត់ដំបង ÷ បុរសម្នាក់ដែលត្រូវជាឪពុក បានស្លាប់ភ្លាមៗ នៅនិងកន្លែង និង០២នាក់ម៉ែកូន រងរបួសធ្ងន់ ខណៈពេលដែលជួបនិងគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយនិងរថយន្តធុនធ្ងន់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅ រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវហាយវេ(ផ្លូវវាងក្រុង) ស្ថិតនៅចំណុចក្រុមទី១៨ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំមិនស្គាល់ម៉ាកមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកក៏ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-6237 ជិះគ្នាបីនាក់ក្នុងទិសដៅស្របគ្នាបានឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ក៏បានទាក់ដៃចង្កូតដួលចូលក្រោមរថយន្តបណ្តាលអោយអ្នកបើកបរ ម៉ូតូឈ្មោះ លិន និន ភេទប្រុស អាយុ២៨ឆ្នាំ ស្លាប់ភ្លាមៗ និងអ្នករួមដំណើរពីរនាក់ ម្នាក់ឈ្មោះ លិន សុភាព ភេទស្រី អាយុ៣១ឆ្នាំ(ប្រពន្ធ) និងម្នាក់ទៀត ឈ្មោះ សួន បូរក្សា ភេទស្រី អាយុ០២ឆ្នាំ(កូនស្រី) រងរបួសធ្ងន់ ទាំងបីនាក់រស់នៅភូមិតាស្តី ឃុំតាស្តី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ភ្លាមៗនោះដែរ ក្រោយពេលកើតហេតុ និងមុនពេលសមត្ថកិច្ចចុះទៅដល់ គឺរថយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រម៉ោល)។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើការវាស់វែងយកម៉ូតូដែលរងការខូចខាតផ្នែកកំណាត់មុខទៅរក្សាទុកដើម្បីរងចាំធ្វើការស្រាវជ្រាវនិងដោះស្រាយតាមផ្លូវច្បាប់ ៕ អត្ថបទ : ព្រាប.ស