សំណល់សំរាមជាប្រភពនៃមេរោគ ការពារបរិស្ថានគឺការពារជីវិតយើង

បន្ទាយមានជ័យ៖សំណល់សំរាមជាប្រភពនៃមេរោគ ការពារបរិស្ថានគឺការពារជីវិតយើងនេះគឺជាប្រសាសន៍លើកឡើង របស់លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកដែលបានប្រារព្ធ ធ្វើនៅវិទ្យាល័យភ្នំស្រុក ស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី ២៤ ខែឧសភាឆ្នាំ២០២២ ដោយកម្មវិធីនេះរៀបចំដោយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ “ថែទាំភពផែនដីដើម្បីសុខភាពយើង”។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា មនុស្សជាអ្នកបំផ្លាញបរិស្ថាន ឥឡូវនេះបរិស្ថានបាននិងកំពុងបំផ្លាញយើងវិញហើយ ដូចជាខ្យល់កន្ត្រាក់ រាំងស្ងួតទឹកជំនន់។ ដូចនេះការប្រារព្ធទិវានេះគឺជាការអះអាងបញ្ជាក់ផងដែរថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការទទួលយកពីធម្មជាតិនូវខ្យល់ស្អាតសម្រាប់ដកដង្ហើម ទឹកស្អាតសម្រាប់ទទួលទាន មានដីស្អាតសម្រាប់បង្កបង្កើនផល នឹងមានសមធម៌ក្នុងការបែងចែក ភោគផលពីធម្មជាតិហើយមនុស្សម្នាក់ៗ មានសិទ្ធិចូលរួមអនុវត្តវិធានការការពារថែរក្សាបរិស្ថាន ទាំងគុណភាពនិងបរិមាណ ហើយត្រូវចាត់ទុកថាការរស់នៅប្រកបដោយចីរភាព ការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថានជាការកិច្ចយើងទាំងអស់គ្នា។
លោក អោម ចន្ថាបន្តថា បញ្ហាបរិស្ថានគឺជាបញ្ហាប្រឈមដ៏ចំបងមួយដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាទាំងនោះរួមមាន កំណើនប្រជាជន កំណើនតម្រូវការ ការបំផ្លាញព្រៃឈើ ការបំពុលទឹក ការបំពុលខ្យល់ ការបំពុលដី ការចាក់ចោលសំណល់ច្រើន ការបាត់បង់ជីវៈចម្រុះ។ ទន្ទឹមនេះពិភពលោកកំពុងអនុវត្តយន្តការស្អាតបីគឺទឹកស្អាត ដីស្អាត និងខ្យល់ស្អាត(គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត)។ ការស្រាវជ្រាវកន្លងមកបានបង្ហាញនូវផលវិបាកដែលស្តែងចេញតាមរយៈការបំផ្លាញស្រទាប់អូហ្សូន បណ្ដាលឱ្យមានការប្រែប្រួលអាកាសធាតុក្ដៅខ្លាំង ដែលជះឥទ្ធិពលបំផ្លាញលើសុខភាពមនុស្សនិងផលិតភាពរបស់ស្ថានប្រព័ន្ធធម្មជាតិ ឬស្ថានប្រព័ន្ធដែលមនុស្សរស់នៅ។
ដោយឃើញផលវិបាកដែលបានកើតឡើងកន្លងមកនិងដោយឥទ្ធិពលអាក្រក់ដែលអាចកើតមានឡើងនាពេលអនាគត ខ្ញុំសូមអំពាវនាវឲ្យជនរួមជាតិយើងក្នុងខេត្ត ក្រុង ស្រុក ទោះជាពលរដ្ឋសាមញ្ញក្ដីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះតាមសមត្ថភាពលទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ហើយសូមស្វែងយល់អំពីបញ្ហាបរិស្ថាន និងគ្រប់គ្រងបញ្ហាទាំងនោះឱ្យបានសមស្របតាមគោលការណ៍គ្រប់គ្រងបរិស្ថាន ដូចជាការកាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ នេះជាគោលការណ៍និរន្តរភាព សមភាពរវាងជំនាន់នានា។ សូមទទួលបាននូវការយល់ដឹងប្រកបដោយវិចារណញ្ញាណនិងមនសិការខ្ពស់ ឈប់បំផ្លាញបរិស្ថាន ទោះដោយចេតនាក្ដី ឬអចេតនាក្ដី ក្នុងក្ដីរំពឹងរបស់អ្នកជំនាន់ក្រោយ រស់នៅដោយផាសុខភាព សំបូររុងរឿងនិង មានសុភមង្គល៕ដោយ៖ឃឹន គន្ធា