ជីករណ្តៅដាំដំឡូង ប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់

ខេត្តបាត់ដំបង ÷ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់នៅក្នុងដី ខណ:ដែលប្រជាកសិករម្នាក់បានទៅជីករណ្តៅដើម្បីដាំដំឡូងនៅក្នុងដីចម្ការ។

ការប្រទះឃើញគ្រាប់រំសេវជាច្រើនគ្រាប់នេះ គឺនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចរណ្តៅបេ ស្ថិតក្នុងភូមិស្វាយយ៉ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

បើតាមការលើកឡើងពីប្រជាពលរដ្ឋ ឈ្មោះ យោល យ៉ម ភេទ ប្រុស អាយុ ៥៩ ឆ្នាំរស់នៅចំនុចខាងលើ បាននិយាយថា គាត់បានទៅគាស់ដីដាំដំឡូងក៏ប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះមួយចំនួន ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចអោយចុះទៅពិនិត្យ និងយកទៅរក្សាទុក។

នៅក្នុងនោះគឺមាន គ្រាប់ផ្លោងប្រភេទ ៦០ មីល្លីម៉ែត្រ ចំនួន ១៨ គ្រាប់ ផលិតនៅប្រទេសចិន ក្បាលគ្រាប់ចំនួន ១៧គ្រាប់ និង គីបបំបែក ចំនួន ៩គ្រាប់ ។

បច្ចុប្បន្នគ្រាប់ទាំងនេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំមុខរាហ៍ បានយកមករក្សាទុក ហើយផ្នែកជំនាញបានរាយការណ៍ជូនទៅអង្គភាពកំចាត់មីនសុីម៉ាក់រួចហើយ អោយចុះទៅដើម្បីកម្ទេចចោល ៕ អត្ថបទ : ព្រាប.ស