ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់ផ្ទះមនុស្សធម៌ទី៩ ជូន គ្រួសារ ពលរដ្ឋ ដែលមានជីវភាពទ័លលំបាក នៅស្រុកកងមាស

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត ដោយ មានការនិមន្ត និង អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ និង មន្ត្រី រាជការ នាព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២២ នេះ បានប្រគល់ផ្ទះមនុស្សធម៌ទី៩ ជូនគ្រួសារប្រជាពលរដ្ឋ ឈ្មោះ វ៉ន វុធ អាយុ ៤៦ឆ្នាំ ដែលមានជីវភាពទ័លលំបាក រស់នៅភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ពិតមែន ស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-19 មានសភាពធូរស្រាល បង្កឱកាសអោយបើកប្រទេសឡើងវិញ ហើយថ្មីៗ នេះ រាជរដ្ឋាភិបាល បានដកចេញនូវកាតព្វកិច្ចម៉ាស់ តាមទីសាធារណ: យ៉ាងណាក្តី តែយើងម្នាក់ៗ នៅតែត្រូវខិតខំថែទាំសុខភាព ការពារខ្លួនអោយបានជាប្រចាំ ដោយមិនត្រូវ មើលស្រាល បានឡើយ ពិសេស ត្រូវបន្តអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ ៣កុំ” និងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ទាំងដូសមូលដ្ឋាន និង ដូសជំរុញ អោយបានគ្រប់ៗគ្នា ដែលជួយអោយសហគមន៍មានភាពស៊ាំ ដោយបន្តរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី ផង និង ជួយការពារសរីរាង្គរបស់យើង ទប់ស្កាត់ការវាយលុកពីពពួកបម្លែងខ្លួនថ្មី កូវីដ-19 ផងដែរ ។

គួរ បញ្ជាក់ ថា លោក វ៉ន វុធ ជាប្រជាពលរដ្ឋ ដែលមានជីវភាពទ័លលំបាក ស្ថិតក្នុងប្រភេទ ក្រ ១ ទាំង២នាក់ ប្រពន្ធ មានជម្ងឺប្រចាំកាយ ។ សព្វថ្ងៃ ពួកគាត់ ត្រូវរ៉ាប់រង មើលថែចៅ តូចៗ ចំនួន ២នាក់ ដែលឪពុកម្តាយពួកគេ បានលែងលះគ្នា ។ ទាំងពីរនាក់ ពុំមានមុខរបរទេ ពោលគឺ រស់នៅពឹងតែលើកូន ដែលធ្វើការនៅឯភ្នំពេញផ្តល់ឲ្យ ខណ:ពេលដែល ជីវភាពពួកគេ ក៏ជួបការខ្វះខាតស្រាប់ ។ ម៉្យាងក៏ត្រូវចិញ្ចឹមប្អូនៗ ៣នាក់ ផ្សេងទៀត ផងដែរ ។ ដោយស្ថានភាពលំបាកបែបនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី ភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០ លានរៀល ព្រមទាំងផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ ម៉ាស់ ២ប្រអប់ ចង្ក្រាន១ សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០០.០០០រៀល ៕