ចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគនិង ដុតកំទេចចោលនូវឧបករណ៍នេសាទខុសច្បាប់

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងរុក្ខាប្រមាញ់និងនេសាទនិងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគ ដូចជាសាច់ជ្រូក បន្លែទឹកបរិសុទ្ឋនិងថវិកាចំនួន៥លានរៀល ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងក្រុមការងារគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប យកទៅផ្តល់ជូនដល់កងកម្លាំអន្តរាគមន៍ថ្នាក់ជាតិប្រចាំការនៅទីបញ្ជាការកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគងខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ណៅ ធួក និង ប្រតិភូក្រុមការងារបានការដុតកំទេចចោលនូវឧបករណ៍នេសាទខុសច្បាប់ ដែលដកហូតបានពីជនល្មើសនាពេលកន្លងមកថ្មីៗនេះផងដែរ ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា៖តាំងពីពេលដែលប្រមុខរាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងរយៈពេល១ខែកន្លងមកនេះ ឃើញថាបទល្មើសនេសាទមានការថយចុះជាលំដាប់គឺមានតែ១១ករណីនិងប្រជានេសាទបានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ចំនួន៤៩គ្រឿងនិងសម្ភារៈមួយចំនួនទៀតផងដែរ។ក្នុងរដូវបិទនេសាទរយៈពេល៤ខែដែលនឹងមកដល់ពីថ្ងៃទី១ខែមិថុនារហូតដល់ដំណាច់ខែកញ្ញាជារដូវមច្ឆជាតិពងកូន ការនេសាទគ្រប់ប្រភេទមិនអនុញ្ញាតិឱ្យធ្វើការនេសាទឡើយ លើកលែងតែការនេសាទជាលក្ខណៈគ្រួសារ ប្រើប្រាស់ឧបករណ៍តាមការកំណត់ដូចជា សន្ទូច ទ្រូ សំណាញ់ ឆ្នុក លប ក្រឡាសាច់មងមានក្រឡា១ហ៊ុនកន្លះឡើងទៅ។ឯកឧត្តម បានណែនាំដល់មន្ត្រីជលផល សហការគ្នាលើកផ្លាកដាក់នៅតាមទីសាធារណៈ ទីប្រជុំជន ដោយរាយឈ្មោះឧបករណ៍នេសាទដែលអាចប្រើបាននិងមិនអាចប្រើបានក្នុងរដូវបិទការនេសាទដើម្បីឱ្យប្រជានេសាទបានយល់ដឹងកាន់តែច្បាស់ចៀសវាងការប្រព្រឹត្តិបទល្មើសក្នុងរដូវបិទនេសាទ។
តាមរបាយការណ៍របស់មន្ទីរកសិកម្មនិងនេសាទខេត្តសៀមរាបបានឲ្យដឹងថា សកម្មភាពការងារជលផលគិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បង្ក្រាបបទល្មើសជលផលចំនួន៣៤ករណី ក្នុងនោះមាន នេសាទនិងរក្សាទុកឧបករណ៍ អួនអូសទឹកសាបចំនួន២០ករណី អាំងវ៉ិចទ័រឆក់ត្រីចំនួន០៧គ្រឿង . ឧបករណ៍នេសាទបង្កើតថ្មី(ប)ចំនួន៤ករណី . ដាក់សម្រាស់ធ្វើឲ្យត្រីកុំចំនួន១ករណី និងឧបករណ៍ស្បៃមុងចំនួន២ករណី ។ ជនល្មើសបានជាប់ពន្ធធនាគារចំនួន៤នាក់ . និង មានដីកាឲ្យចូលខ្លួនពីតុលាការចំនួន១១នាក់ ។
វត្ថុតាងចាប់ឃាត់ អួនអូសទឹកសាបចំនួន២០គ្រឿង . អួនហ៊ុមចំនួន៨វង់ ម៉ាញ់ចំនួន៣វង់ .ឈិបយន្តចំនួន២គ្រឿងអាំងវ៉ិចទ័រឆក់ត្រីចំនួន១២គ្រឿង . កាណូតសរុបចំនួន៤៨គ្រឿង(សំបកស្មាច់ចំនួន២៨គ្រឿងមានមាស៊ីន១១គ្រឿង និងសំបកឈើ ចំនួន២០គ្រឿងមានម៉ាស៊ីន៥គ្រឿង) . អាគុយ៤០អំពែរចំនួន១៣គ្រឿង . ខ្សែភ្លើងឆក់ប្រវែង៧០ម៉ែត្រនិងដងឆក់ឬស្សីចំនួន១១គូរ ។
វត្ថុតាងបានបំផ្លាញចោលមាន៖. ឧបករណ៍បង្កើតថ្មី(ប)ចំនួន២១គ្រឿង . របាំងសាច់អួនប្រវែង៤ពាន់៥០០ម៉ែត្រ ចម្រឹងចំនួន៣ពាន់៧៦០ដើម. ស្បៃមុងចំនួន១៦គ្រឿង . របាំងស្បៃមុងប្រវែង៩៥០ម និង. ព្រលែងត្រីចម្រុះបាន ៧៥គីឡូក្រាម ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប