ឯកឧត្តម ឃឹង នុភាព ចុះពិនិត្យសាលាឆទានដែលទ្រុឌទ្រោមយ៉ាងខ្លាំង ដើម្បីរៀបចំកសាងថ្មីនៅរក្សារូបរាងដើម ស្ថិតនៅភូមិវាលវែង ឃុំឈូក

កំពង់ធំ÷ ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ អភិបាលស្រុក កងកំលាំងទាំងបី និងបងប្អូនជាពលរដ្ឋរប្រមាណជាង៥៦នាក់ ប្រជុំពិភាក្សាគ្នាអំពីការសាងសង់សាលាឆទានថ្មី ដែលកំពុងទ្រុឌទ្រោមយ៉ាងខ្លាំង ដែលស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រសៀលថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២។

ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ថ្លែងនៅក្នុងកម្មវិធីប្រជុំនេះគឺ ដោយសង្កេតឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ពីបញ្ហាសាលាឆទានដែលទ្រុឌទ្រោមយ៉ាងខ្លាំងពេលធ្វើបុណ្យទានម្តងៗនៅសាលាឆទាននេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនមិនអាចទប់ទល់បាន។ សាលាឆទានដែលកំពុងទ្រុឌទ្រោមយ៉ាងខ្លាំងនេះបានកសាងឡើងនៅឆ្នាំ១៩៦១មកម្ល៉េះ ដោយមានកម្លាំងកសាងពីបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិវាលវែងទាំងមូល។ មកដល់បច្ចុប្បន្ននេះដោយសារបងប្អូនជាប្រជាពលរដ្ឋ គាត់សំណូមពរទៅអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីជាសាងសង់នៅសាលាឆទាននេះឱ្យបានទាន់ពេលវេលាដើម្បីជាទីកន្លែងសម្រាប់សក្ការៈបូជានៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ចុងក្រោយឯកឧត្តមក៏បាន បញ្ជាក់បន្ថែមពីការសាងសង់សាលាឆទាននេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានទំនុកចិត្តចាប់ពីពេលចុះពិនិត្យទីតាំង និងកសាងឲ្យរួចឆាប់ៗនាពេលខាងមុខនេះ។ រាល់ការសំណូមពររបស់បងប្អូនដែលមានការលំបាកនៅក្នុងភូមិវាលវែងនេះ យើងខ្ញុំនឹងជួយដោះស្រាយឲ្យបានទាន់ពេលវេលាដើម្បីឱ្យមានសុវត្តិភាពនៅក្នុងមូលដ្ឋានរបស់បងប្អូន។

គួរបញ្ជាក់ផងដែរថាចំពោះការសាងសង់សាលាឆទាននាពេលខាងមុខនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិវាលវែង និងចូលរួមជាថវិកា សម្ភារៈ និងកម្លាំងពលកម្មមួយចំនួនផងដែរ។