ឯកឧត្តមសោម ស៊ុនសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៃថ្ងៃទី៩ក្នុងយុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំបន្ទាយស្ទោង

កំពង់ធំ៖ ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់គណបក្ស ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញចុះសំណេះសំណាល ជាមួយម្ចាស់ឆ្នោត នៅភូមិរលួសនិងភូមិ តាមើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាថ្ងៃទី៩ នៃថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ពិធីនេះបានធ្វើនៅព្រឹកថ្ងៃអាទិត្យទី២៩ខែឧសភា ឆ្នាំ២០២២ ។
លោកសូត្រ អ៊ុល តំណាងឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជាអាណត្តិទី៥ នៅឃុំបន្ទាយស្ទោង បានបង្ហាញជូនអំពីកម្មវិធីអភិវឌ្ឍន៍ឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា និងផែនការអភិវឌ្ឍន៍ឃុំបន្ទាយស្ទោង អាណត្តិទី៥ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងបានសូមអញ្ជើញសមាជិកបក្ស និងប្រជាពលរដ្ឋ ទៅបោះឆ្នោតគាំទ្រជូនបេក្ខជនឃុំបន្ទាយស្ទោង ឱ្យបានគ្រប់ៗគ្នា ។
ឯកឧត្តមសោម ស៊ុន បានផ្សព្វផ្សាយសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសមិទ្ធិផលជាប្រវត្តិសាស្រ្តចំនួន៩ចំណុចធំៗ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិនិងប្រជាជន ពិសេសថ្មីៗនេះក្នុងបរិបទកូវីដ-១៩ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានជួយសង្គ្រោះអាយុជីវិតប្រជា ជនកម្ពុជា ឲ្យរួចផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏កាចសាហាវនេះ។

ឯកឧត្តម សោម ស៊ុន បានសំណូមពរដល់សមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រជូនបេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង ដែលមានលំដាប់លេខរៀងទី៤ នៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍឃុំសង្កាត់ និងប្រទេសជាតិឲ្យមានការរីកចម្រើន ដូចបណ្ដាលប្រទេសជឿនលឿនដទៃទៀតនៅលើពិភពលោក សមាជិកបក្ស និង ប្រជាពលរដ្ឋ គាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបាន ជ័យជម្នះ ដើម្បីដឹកនាំអភិវឌ្ឍន៍ ភូមិ ឃុំ ឲ្យមានការរីកចម្រើនរុងរឿង ។
ដោយ ប៊ុន រដ្ឋា