លោកជំទាវ បាន ស្រីមុំ៖ គណបក្សប្រជាជនកម្ពុជា មិនមែនជាអ្នកសន្យា តែជាអ្នកកសាងសមិទ្ធផល ដែលយើងឃើញនឹងភ្នែកពិតៗ

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា គណបក្សប្រជាជនមិនមែនជាអ្នកសន្យា តែជាអ្នកកសាងសមិទ្ធផលឱ្យឃើញនឹងភ្នែកពិតៗ។ការថ្លែងបែបនេះក្នុងឪកាសលោកជំទាវប្រធានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយនូវគោលនយោបាយគណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានសង្កាត់អូរតាវ៉ៅ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ។
លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ជាពិសេសក្នុងបរិបទកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានគិតគូរនូវសុខមាលភាពប្រជាពលរដ្ឋបាន ស្វែងរកទិញវ៉ាក់សាំងចាក់ស្រោចជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយឥតគិតថ្លៃដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយនោះឡើយ ទើបធ្វើឲ្យកម្ពុជាទទួលការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ។
លោកជំទាវប្រធាន បានថ្លែងថា៖ គណបក្សប្រជាជនកម្ពុជាបានកសាងប្រទេសកម្ពុជាតាំងពីបាតដៃទទេ និងបានស្វែងរកសន្តិភាព ចាប់ផ្តើមកសាងប្រទេសរហូតដល់រីកចម្រើនមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនមិនមែនជាអ្នកសន្យា តែអ្នកធ្វើសមិទ្ធផលគឺឃើញនឹងភ្នែកពិតៗនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ ជាមួយគ្នានេះដែរ
លោកជំទាវ បាន ស្រីមុំ ក៍បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តបំពេញភារកិច្ចបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ/សង្កាត់ ធានាបាននូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងការទទួលខុសត្រូវ ចំពោះការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រោះគណបក្សមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់គ្រប់គ្រាន់ដែលអាចបម្រើការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងរយៈពេលប្រាំឆ្នាំបាន និងឆន្ទះដ៏មោះមុត ហ៊ានធ្វើពលីកម្មអ្វីៗទាំងអស់ដើម្បីការរស់រានរបស់ប្រជាពលរដ្ឋ។
លោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៥ នៅថៃ្ងទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតគាំទ្រជូនដល់បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន