រដ្ឋបាលខេត្តសៀមរាបចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ភីហ្វាយស័រ ដូសទី៥ជូនដល់មន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធ

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ សម្តេចបានស្វែងរកនូវវ៉ាក់សាំងប្រឆាំង ជម្ងឺកូវិដ១៩ ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង ជនបរទេសនៅកម្ពុជា ចាប់ពីដូសមូលដ្ឋាន ដល់ដូសជម្រុញ ដោយឥតគិតថ្លៃ និង មិនប្រកាន់គណបក្សនយោបាយនោះឡើយ ។

និយាយដោយឡែក មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ប្រភេទ ភីហ្វាយស័រ ដូសទី៥ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ នៅទូទាំខេត្តសៀមរាប។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មានកងកម្លាំងនគរបាល ដែលរស់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប អញ្ជើញទៅចាក់វ៉ាក់សាំងបង្កាជម្ងឺកូវិដ១៩ (ភីហ្វាយស័រ) ដូសទី៥ ដែលចាប់ផ្តើមពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ។ តាមទីតាំងសម្រាប់ចាក់វ៉ាក់សាំង ដែលបានកំណត់ ។ សម្រាប់នៅក្រុងសៀមរាប មាននៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពមណ្ឌល០១ មណ្ឌលសុខភាពគោកចក មណ្ឌលសុខភាពជ្រាវ និង មណ្ឌលសុខភាពសៀមរាប ។ ចំពោះបណ្តាស្រុកផ្សេងៗ គឺធ្វើឡើងនៅតាមមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាព ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសបំពេញការងារនៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ដោយមានការយកចិត្ដទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ឬដូសជម្រុញ ដល់ក្រុមកម្លាំងដែលកំពុងអនុវត្ដន៍ការងារនៅជួរមុខ ដោយចាប់ អនុវត្ដន៍ពីថ្ងៃទី៩ខែមិថុនានេះទៅ ។ ក្រុមជួរមុខដែលបានទទួលបានវ៉ាក់សាំងដូសទី៥ឬដូសជម្រុញមុនគេនេះ រួមមានកងកម្លាំងប្រដាប់អាវុធ យោធា នគរបាល កងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យទាំងរដ្ឋទាំងឯកជន អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការនី ក្រុមអ្នកមានប្រព័ន្ធការពារខ្សោយ ឬមនុស្សវ័យ៦០ឆ្នាំផងដែរ ។ បន្ថែមលើនោះសម្ដេចតេជោ ក៏បានអនុញ្ញាតឲ្យជនបរទេស ដែលស្នាក់នៅប្រទេសកម្ពុជា ពិសេសបុគ្គលិកអង្គការជាតិអង្គការអន្ដរជាតិ បុគ្គលិកស្ថានទូត និងដៃគូរជាច្រើនទៀតផង ។ លោកជំទាវ ក៏បានបញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ។ លោកជំទាវ ក៏បានអំពាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងដូសទី៣ និងដូសទី៤ ត្រូវទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩នេះឲ្យបានគ្រប់គ្នា ដើមី្បធានាបាននូវសុខមាភាពនៅក្នុងសង្គម ៕

 

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប