ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងបាវិត

ខេត្តស្វាយរៀង៖រសៀលថ្ងៃព្រហស្បតិ៍១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀងបានអញ្ចើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងបាវិតគលោកស្រី ជួន សុវណ្ណារី ជំនួសលោកស្រី សូ សយ ដែលចូលនិវត្តន៌ ។
យោងតាមប្រកាសលេខ១៦៧៩ ប្រក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្ដីពីការតែងតាំងមន្ត្រីរាជការ លោកស្រី ជួន សុវណ្ណារី ឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦ ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងបាវិតខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ កងកម្លាំងទាំ៣ លោកប្រធានក្រុមប្រឹក្សាក្រុង លោក អភិបាលរងក្រុង លោក នាយប៉ុស្តិ៍ព្រំដែនអន្តរជាតិបាវិត លោកចៅសង្កាត់ទាំង៥ លោកនាយប៉ុស្តិ៍ទាំង០៥ សរុបវត្តមានចូលរួមចំនួន៦៥នាក់។
ឯកឧត្តម សេង សិលា បានជម្រុញដល់មន្ត្រីទាំងអស់ក្នុងរដ្ឋបាលក្រុងបាវិតត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនងការងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ឲ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពហើយ ត្រូវចូលរួមបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនូវការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពជាដើម។